ស.វ.ស បណ្តុះបណ្តាលនិស្សិតបរិញ្ញាបត្រគិលានុបដ្ឋាក ១១៦រូប (បន្តពីថ្នាក់បរិញ្ញាបត្ររង) ដោយជោគជ័យ

By: Media | Posted on: 02/08/2019 7:29:30 PM


នាព្រឹកថ្ងៃ សុក្រ ៤កើត ខែមាឃ ព.ស.២៥៦២ ឆ្នាំច ត្រូវ​នឹង ថ្ងៃ  ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីតាំងទី២ នៃស.វ.ស មានរៀបចំពិធីទទួលស្គាល់ ការបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក បណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររង ជំនាន់ទី៣។

អញ្ចើញជាគណ:អធិបតីក្នុងពិធីនេះ មានឯកឧត្តម Oh Nak-Young, Ambassador of Republic of Korea, ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស, លោកស្រីសាស្រ្តាចារ្យ  Sun-Beui Bea, Ewha Womans University និងវត្តមានអញ្ចើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកនាយក នាយករង មន្រ្តីរាជការ បុគ្គលិក លោក-លោកស្រីសាស្រ្តាចារ្យ ព្រមទាំងនិស្សិតជ័យលាភី និងអាណាព្យាបាលប្រមាណ១០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម Oh Nak-Young បានថ្លែងនូវក្តីសង្ឃឹមថាជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែលទទួលបានទៅចូលរួមក្នុងការពង្រឹងសុខុមាលភាពប្រជាជនកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងនូវមោទនភាពចំពោះប្អូនៗដែលបានបញ្ចប់ការសិក្សាក្នុងឱកាសនេះ។ ឯកឧត្តមសង្ឃឹមថា ប្អូនៗនឹងយកចំណេះដឹងដែលទទូលបានទៅបម្រើសុខភាពជូនបងប្អូនប្រជាពលរដ្ឋនូវសេវាដែលមានគុណភាព និងមានគុណធម៍។ ឯកឧត្តមបានលើកឡើងថា រហូតមកដល់ពេលនេះ ស.វ.សបើកវគ្គបណ្តុះនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក បណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររង បានចំនួន៣វគ្គ ដែលមានចំនួនសរុប១១៦រូប ដោយមានការបណ្តុះបណ្តាលពីលោកគ្រូ-អ្នកគ្រូជាតិ និងអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ស.វ.ស ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹង Ewha Womans University ដោយមានការគាំទ្រទីភ្នាក់ងារអន្តរជាតិ KOICA គ្រោងនឹងរៀបចំថ្នាក់បរិញ្ញ្ញាបត្រជាន់ខ្ពស់គិលានុដ្ឋាក ផងដែរ។

គួរជម្រាបថា ការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក បណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររងនេះ អាចដំណើរការទៅបានដោយមានកិច្ចសហការយ៉ាងល្អរវាងស.វ.ស និង ​Ewha Womans University, អង្គការសុខភាពិភពលោក និងដៃគូរអភិវឌ្ឍន៏ផ្សេងៗទៀតរបស់ស.វ.ស ដែលមានដូចជាមន្ទីពេទ្យកាលម៉ែត្រ មន្ទីពេទ្យកុមារជាតិ មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីពេទ្យផ្សេងៗទៀតដែលបានផ្តល់នូវទីតាំងសម្រាប់ធ្វើកម្មសិក្សា។