គណៈកម្មការប្រឡងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសប្រជុំផ្សព្វផ្សាយនិងណែនាំអំពីតួនាទីភារកិច្ច

By: Media | Posted on: 01/29/2019 9:08:38 AM

ថ្ងៃ ចន្ទ ៨រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី២៨ ខែមករា​ ឆ្នាំ​២០១៩​ នៅទីតាំងទី១ ស.វ.ស មានរៀបំកិច្ចប្រជុំផ្សព្វផ្សាយណែនាំស្តីពី "គោលការណ៍ និងបែបបទនៃការប្រឡងជ្រើសរើសចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅ ស.វ.ស ឆ្នាំសិក្សា ២០១៨-២០១៩ ព្រមទាំងតួនាទីភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ"។

ដំណើរការកិច្ចប្រជុំទទួលបាននូវកិត្តិយសដោយមានការអញ្ចើញចូលរួមពីំសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅ ស.វ.ស ឆ្នាំសិក្សា ២០១៨-២០១៩ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី តំណាងមូលនិធិអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តម យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណ:កម្មការ, តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងគណ:កម្មាធិការប្រឡងថ្នាក់ជាតិ តំណាងក្រសួងអប់រំ តំណាងក្រសួងសុខាភិបាល និងវត្តមានអញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការជាគណៈកម្មការ និងអនុគណៈកម្មការប្រឡងប្រមាណជិត១០០នាក់។

ក្នុងកិច្ចប្រជុំនេះ គឺដើម្បីអោយគណៈកម្មការ និងអនុគណៈកម្មការប្រឡងទាំងអស់បានយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន សំដៅពង្រឹងបន្ថែមទៀតការអនុវត្តការងារ ដើម្បីបង្កើននូវប្រសិទ្ធភាពខ្ពស់ក្នុងពេលដំណើរការប្រឡង។

តាមរយៈការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅ ស.វ.ស ឆ្នាំសិក្សា ២០១៨-២០១៩ គណ:កម្មការទទួលបានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន៥៣៧រូប ដែលនឹងត្រូវប្រឡងជា៥ក្រុមផ្សេងៗគ្នាក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ៣០ និង៣១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះនៅទីតាំងទី១ នៃស.វ.ស។ ក្នុងដំណើរការប្រឡងទាំងមូល ក៏នឹងមានវត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការឃ្លាំមើល និងតាមដានជាប្រចាំផងដែរដើម្បីធានាឱ្យបាននូវតម្លាភាព និងសុក្រិតភាពនៃការប្រឡងនេះ។