សាកលវិទ្យាល័យល្បីមួយក្នុងវិស័យសុខាភិបាលនៅប្រទេសចិន ចាប់ដៃគូរជាមួយ ស.វ.ស

By: Media | Posted on: 01/23/2019 7:29:21 PM

រសៀលថ្ងៃពុធ ៣រោចខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យ Fudan នៃសាធារណៈរដ្ឋប្រជាមានិតចិន និង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស”។

ប្រតិភូសាកលវិទ្យាល័យ Fudan ដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ JIAO Yang, Chancellor of Fudan University ត្រូវបានទទួលបដិសណ្ណាកិច្ចពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និងលោកសាកលវិទ្យាធិការរង។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវក្តីរីករាយ និងសូមស្វាគមន៏យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ដែលមានវត្តមាននាឱកាសនេះ។ ឯកឧត្តមសាកលវិទ្យាធិការបានលើកឡើងពីកិច្ចសហប្រតិបត្តិការ និងចំណងមេត្រីភាពយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសចិន។ ឯកឧត្តមសាកលវិទ្យាធិការ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់វត្តមានរបស់លោកស្រីសាស្រ្តាចារ្យ JIAO Yang ក្នុងឱកាសដ៏មានអត្ថន័យនេះ។

លោកស្រីសាស្រ្តាចារ្យ JIAO Yang បានថ្លែងអំណរគុណចំពោះភាគីខាងស.វ.ស ដែលបានរៀបចំទទួលស្វាគមន៏ដល់ប្រតិភូយ៉ាងរាក់ទាក់។ លោកស្រីសាស្រ្តាចារ្យ សង្ឃឹមថាអនុស្សារណៈនាថ្ងៃនេះ នាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែប្រសើររវាងសាកលវិទ្យាល័យទាំងពីរនាពេលអនាគត។

គួរជម្រាបថា អនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរនេះ ផ្តោតជាសំខាន់ទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្តូរ និស្សិត-មន្រ្តី-សាស្រ្តាចារ្យ រវាងគ្នាទៅវិញទៅមក។ បន្ថែមពីនោះ កិច្ចសហការនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ការរៀបចំសន្និសីទ និងគម្រោងផ្សេងៗ និងការរៀបចំមជ្ឈមណ្ឌលសុខភាពសាកល (Centre for Global Health)។

ក្នុងខណៈដែលអញ្ចើញមកស.វ.សនេះ ប្រតិភូក៏បានអញ្ចើញទៅទស្សនកិច្ចនៅនៅមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) និងមណ្ឌលប្រឡងតាមប្រឡងកុំព្យូទ័ររបស់ ស.វ.សផងដែរ។