ស.វ.ស ផ្តល់ប័ណ្ណ ប.ស.ស ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការដើម្បីទទួលអត្ថប្រយោជន៏លើការគាំពារសុខភាព

By: Media | Posted on: 01/23/2019 7:07:38 PM


រសៀលថ្ងៃពុធ ៣រោចខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” បានរៀបចំពិធីចែកប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជំហានទី១ ជូនចំពោះមន្រ្តីរាជការ និងបុគ្គលិក មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ផ្នែកសុខភាពសាធារណៈ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងលេខាធិការដ្ឋាន ប្រមាណ២០០នាក់។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធីបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និងការអញ្ចើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក នាយករង ព្រមទាំងវត្តមានមន្រ្តីរាជការ បុគ្គលិក នៃ ស.វ.ស យ៉ាងច្រើនកុះករ។ អញ្ចើញមានមតិក្នុងពិធីនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស ជូនក្រុមគ្រួសារស.វ.ស ដែលបានប្រឹងប្រែងធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាជាច្រើននាពេលកន្លងមក។ ឯកឧត្តមសាកលវិទ្យាធិការ បានលើកយកផងដែរនូវអត្ថប្រយោជន៏ដែលស.វ.ស បានផ្តល់ជូនមន្រ្តីរាជការ-បុគ្គលិករបស់ខ្លួនដែលមានដូចជា ការតម្លើងប្រាក់ឧបត្តម្ភមូលដ្ឋាន៥ភាគរយបន្ថែម ថវិការលើកទឹកចិត្ត១០ភាគរយ (អាស្រ័យលទ្ធផលការងារ) និងការបើកប្រាក់ខែជាទៀតទាត់មួយខែ២ដង។

គួរជម្រាបថា អនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការគាំពារសង្គម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ស.វ.ស មានប័ណ្ណប.ស.ស នេះ អាចប្រើប្រាស់បានដោយទទួលសេវាព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន នៅទូទាំងប្រទេស ដែលមានចុះបញ្ជីជាមួយបេឡាជាតិរបបសន្ដិសុខសង្គម ។