មន្រ្តី បុគ្គលិក និងនិស្សិត ស.វ.ស បរិច្ចាគឈាមក្នុងកម្មវិធីបរិច្ចាគឈាមនៅស.វ.ស

រសៀលថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្រោមប្រធានបទ "ការបរិច្ចាគឈាម គឺជាអំណោយជីវិត" ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមជួយសង្គ្រោះដល់ជីវិតអ្នកជំងឺដែលកំពុងរង់ចាំឈាមជាចាំបាច់ ដែលរៀបចំដោយសវស សហការជាមួយក្លឹបយុវជនកាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មជ្ឈមណ្ឌលជាតិផ្តល់ឈាម យុវជនសសសយកវិស័យសុខាភិបាល និងក្រុមហ៊ុនអិនវីសី វីតាល់ ។

ពិធីនេះបានប្រព្រឹត្រ្តទៅនៅទីតាំងទី២ នៃ ស.វ.ស ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងកាកបាទក្រហមកម្ពុជា តំណាងអង្គការសុខភាពពិភពលោក តំណាងក្រុមហ៊ុន NVC ទឹកបរិសុទ្ធវីតាល់ លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោក នាយក នាយករង មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ជាច្រើនរូប។

ការរៀបចំពីធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និង មិនគិតកម្រៃនេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃចាប់ពីម៉ោង៧ ព្រឹកដល់ម៉ោង១៦.៣០នាទីល្ងាច ក្នុងគោលបំណងសំខាន់ គឺដើម្បីផ្តល់ឈាមប្រកបដោយសុវត្ថិភាពសម្រាប់សប្បុរសជនបរិច្ចាគឈាម និង អ្នកជំងឺទទួលឈាម និងដើម្បីចូលរួមលុបបំបាត់ចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះការផ្គត់ផ្គង់ឈាម ដែលជាលទ្ធផលសម្រាប់ថ្ងៃនេះ មានសប្បុរសជនចំនួន ៣០០នាក់ (ស្រ្តី១៤៨ នាក់) បានបរិច្ចាគឈាមដោយជោគជ័យ។

ឆ្លៀតតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិតសាកលវិទ្យាល័យទាំងឡាយមានសណ្តានចិត្តបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី គឺជាគម្រូល្អគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ រហូតត្រឹមឆ្នាំ២០១៧ ការរៀបចំកម្មវិធីបរិច្ចាគឈាមនៅស.វ.ស មានអ្នកចូលរួមបរិច្ចាគសរុបរហូតដល់ ៣០៤៦នាក់ ក្នុងនោះស្រីចំនួន ១៥១៩នាក់។
ស.វ.សសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលដែលតែងតែឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌នេះ។ ស.វ.សក៍សូមថ្លែងអំណរគុណចំពោះដៃគូរទាំងឡាយ ព្រមទាំងសមាគមនិស្សិតស.វ.ស និងនិស្សិតស.វ.សដែលបានចូលរួមសកម្មភាពនានាជាផលប្រយោជន៍សង្គមយើងទាំងអស់គ្នា។”

Posted on: 12/31/2018 8:05:50 AM