ស.វ.ស រៀបចំសិក្ខាសាលាតម្រង់ទិសជូននិស្សិតឆ្នាំមូលដ្ឋាន ជាង៧០០នាក់

By: Media | Posted on: 12/11/2018 4:30:43 PM

ថ្ងៃ ៤ កើត ខែមិគសិរ ព.ស.២៥៦២ ឆ្នាំច ត្រូវនឹងថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំ“សិក្ខាសាលាតម្រង់ទិសនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩” ជូនដល់និស្សិតចំនួន ៧៦៣នាក់ ដែលបានប្រឡងជាប់ថ្នាក់ជាតិ ចូលរៀននៅ ស.វ.ស។

សិក្ខាសាលានេះ មានការអញ្ចើញជាអធិបតីភាពពីសំណាក់លោកសាស្រ្តាចារ្យរង ហង្ស ចន្ទវរៈ សាកលវិទ្យាធិការរងនៃ ស.វ.ស តំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និង លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកនាយក ព្រឹទ្ធបុរសរង លោកនាយករង មហាវិទ្យាល័យ/សាលានៃ ស.វ.ស រួមទាំង វត្តមានចូលរួមពីនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានយ៉ាងច្រើនកុះករ។

ការរៀបចំសិក្ខាសាលានេះមានគោលបំណងដើម្បីឲ្យនិស្សិត ដែលទើបតែប្រឡងជាប់ថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ទាំងអស់ បានដឹងជាមុននូវប្រវត្តិសង្ខេបរបស់ស.វ.ស បទបញ្ជាផ្ទៃក្នុងស.វស , កម្មវិធីសិក្សា, គោលការណ៍វាយតម្លៃនិស្សិត មុនពេលប្រឡង,គម្រោងពេលវេលា នៃការសិក្សានិងប្រឡង , ការប្រើប្រាស់គ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខារបស់សាកលវិទ្យាល័យ និងសេចក្តីណែនាំផ្សេងទៀត ដើម្បីឱ្យប្អូនៗមានផែនការសិក្សា និងបានត្រៀមខ្លួនជាមុនបានល្អប្រសើរ។

គួរជម្រាបថា សិក្ខាសាលានេះមានចំនួន២វគ្គ ដោយវគ្គទី១ ពេលព្រឹក៖ សម្រាប់និស្សិតផ្នែកវេជ្ជសាស្ត្រ បរិញ្ញាបត្រឆ្មប និង បរិញ្ញាបត្រសុខភាពសាធារណៈ និងវគ្គទី២ ពេលរសៀលសម្រាប់និស្សិតផ្នែកឱសថសាស្ត្រ ទន្តវនសាស្ត្រ និង បរិញ្ញាបត្រគិលានុបដ្ឋាក។