ពិធីបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកសាស្ត្រាចារ្យ Takashi Takata
នាថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” បានផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់អញ្ចើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកសាស្ត្រាចារ្យ Takashi Takata ។
មានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសំដែងនូវការកោតសរសើរដល់លោកសាស្រ្តាចារ្យ Takashi Takata ដែលបានខិតខំប្រឹងប្រែងសហការចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែកទន្តវទនសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងបានជួយស្វែងរក អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមបាន បានបញ្ចាក់ថា ជាសក្ខីភាពនៃការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ Takashi Takata រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូនលោកលោកសាស្ត្រាចារ្យនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ទនៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ លោកសាស្រ្តាចារ្យ Takashi Takata បានបង្កើតកម្មវិធី ផ្លាស់ប្តូរការសិក្សាអន្តរជាតិ និង ផ្តល់អាហារូបករណ៍សម្រាប់ទស្សនៈកិច្ចសិក្សារយះពេលខ្លី (១០ថ្ងៃ) នៅប្រទេសជប៉ុន ដល់និស្សិតចំនួន២២នាក់។ បន្ថែមពីនេះ និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យចំនួន០៦នាក់ បានទទួលអាហារូបករណ៍ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិត អន្តរជាតិ សម្រាប់ការទស្សនៈកិច្ចសិក្សារយៈពេល០៦ខែនៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យ Takashi Takata ក៏បានខិតខំសហការក្នុងការបង្កើតប្រព័ន្ធ Teleconference និងបានផ្តួចផ្តើមលើកិច្ចពិភាក្សាក្នុងការបង្កើតមន្ទីរពិសោធន៍ ស្រាវជ្រាវក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង សាកល វិទ្យាល័យ Hiroshima ប្រទេសជប៉ុនផងដែរ។