មន្ទីរពិសោធន៍ដ៏ទំនើប សម្រាប់ផលិតថ្នាលបណ្តុះមេរោគនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

By: Media | Posted on: 11/17/2018 8:28:01 AM

នាថ្ងៃសុក្រ ៩​​ កើត ខែកកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ ផលិតថ្នាលបណ្តុះមេរោគនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។អញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីនេះមានឯកឧត្ដមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សមាជិក ក្រុមប្រឹក្សាភិបាល ស.វ.ស ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក ព្រមទាំង ប្អូនៗនិស្សិតនៃស.វ.ស។

អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវកិច្ចស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមានអញ្ចើញចូលរួមពីសំណាក់គណៈអធិបតី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។
ក្នុងនាមសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសូមថ្លែង អំណរគុណដ៏ជា្រលជ្រៅចំពោះលោកបណ្ឌិត Jim Mclaughlin សហស្ថាបនិកនៃអង្គការ Diagnostic Microbiology Development Program (DMDP) និងសហការី ដែលបានប្រឹងប្រែងស្វះស្វែងរកថវិកា ជួយកសាងមន្ទីរពិសោធន៍នេះ ក៏ដូចការជួយគាំទ្រខាង ផ្នែកបច្ចេកទេស នាពេលកន្លងមក និងសូមអរគុណអង្គការ Defense Threat Reduction Agency (A) នៃសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាសម្រាប់ការកសាងមន្ទីរពិសោធន៍នេះ។

លោកបណ្ឌិត ជែម ស៊ី ម៉ែកឡាហ្វលីន (James C. McLaughlin) បានលើកឡើងថា នៅក្នុងឆ្នាំ 2008 លោកស្រីវេជ្ជបណ្ឌិត អេឡិន ចូ បារ៉ុន និងរូបលោកបណ្ឌិតផ្ទាល់បានចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍រោគវិនិច្ឆ័យអតិសុខុមជីវសាស្រ្ត (ត្រូវបានស្គាល់នៅក្នុងពិភពមន្ទីរពិសោធន៍ជីវសាស្ត្រនៅក្នុងប្រទេសកម្ពុជាថា DMDP) ដើម្បីអនុវត្តការងារនៅតាមមន្ទីរពិសោធន៍ធ្វើរោគវិនិច្ឆ័យអតិសុខុមជីវសាស្រ្តនៅតាមមន្ទីរពេទ្យរដ្ឋក្នុងប្រទេសកម្ពុជា។
បន្ទាប់មកលោក ឡែន ប៊្រុក (Lance Brooks) ប្រធានទីភ្នាក់ងារបន្ថយការគំរាមកំហែងដោយជីវសាស្រ្តនៃក្រសួងការពារជាតិអាមេរិច បានថ្លែងថា យើងមានមោទនភាពចំពោះការងារដែលយើងសម្រេចបានជាមួយនឹងដៃគូកម្ពុជារបស់យើង នៅក្នុងការលើកកម្ពស់សមត្ថភាពនៃមន្ទីរពិសោធន៍ មជ្ឈមណ្ឌលផលិតថ្នាលបណ្តុះមេរោគនៅទីក្រុងភ្នំពេញ។

ឯកឧត្ដមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ និងអំណរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ស.វ.ស មន្រ្តីរាជកា របុគ្គលិក ស.វ.ស ដែលបានខិតខំសហការជាមួយនឹងអង្គការ Diagnostic Microbiology Development Program ក្នុងការរៀបចំនូវមន្ទីរពិសោធន៏នេះ។
ឯកឧត្ដមសាស្រ្តាចារ្យបានថ្លែងបញ្ចាក់ថា យុទ្ធសាស្រ្តចតុកោណចំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល ដោយប្រឹងប្រែងលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ។

ក្នុងពិធីនោះ ក៏មាននូវការបំពាក់មេដាយជូនលោកបណ្ឌិត ជែម ស៊ី ម៉ែកឡាហ្វលីន និងថ្នាក់ដឹកនាំ ស.វ.ស ចំនួន ១២រូបផងដែរ។

គួរជម្រាបថា មន្ទីរពិសោធន៍ថ្មីនេះ ត្រូវបានកសាងរួចរាល់ នៅខែមេសា ឆ្នាំ២០១៨ បានផលិតថ្នាលបណ្តុះមេរោគ ចំនួន ១៨ ប្រភេទ ដែលទម្រង់ថ្នាល អាចមានសណ្ឋានជាបន្ទះ (plates) ឬដប ឬបំពង់ សម្រាប់បានធ្វើការចែកចាយដល់មន្ទីរពេទ្យ និងមន្ទីរពិសោធន៍ ចំនួន១៨ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាបាត់ដំបង កំពង់ចាម តាកែវ និងសៀមរាប ។