និស្សិតស.វ.ស មួយរូប ត្រៀមខ្លូនចេញទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

By: Media | Posted on: 11/12/2018 9:01:52 PM

ថ្ងៃចន្ទ​ ៥កើត​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមជាមួយលោកសាកលវិទ្យាធិការរង បានទទួលជួបសំណេះសំណាលជាមួយកញ្ញា មិញ ស្រីពៅ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្នាននៃស.វ.ស ជាជ័យលាភីអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ក្រោមកិច្ចសហប្រតិបត្តិការរវាងសវស និង IUHW។

ក្នុងឱកាសកិច្ចសំណេះសំណាលនេះ ឯកឧត្តមសាកលវិទ្យាធិការ បានសំដែងនូវការអបអរសាទរ និងកោតសសើរចំពោះ និស្សិតជ័យលាភី ដែលទទួលបានជោគជ័យក្នុងដំណាក់កាលជ្រើសរើសដ៏ហ្មត់ចត់ និង តម្លាភាព ដែលវិនិច្ឆ័យដោយគណៈកម្មការជ្រើសរើសរបស់ស.វ.ស និង ការធ្វើតេស្តនិងសម្ភាសន៍ផ្ទាល់ដោយភាគី IUHW ។

ឯកឧត្តមសាកលវិទ្យាធិការ បានមានប្រសាសន៍ណែនាំដល់និស្សិតជ័យលាភីត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងពីសមត្ថភាពនិស្សិតខ្មែរ ក្រោមបរិបទប្រកួតប្រជែងក្នុងចំណោមនិស្សិតអន្តរជាតិ និងដើម្បីជាគំរូដល់និស្សិតជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើសូមឲ្យនិស្សិតជ័យលាភីមានជំហររឹងមាំក្លាហានក្នុងចំណោមនិស្សិតជប៉ុន និង និស្សិតបរទេសដទៃទៀត ដោយប្រកាន់ខ្ជាប់នូវអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដើម្បីលើកស្ទួយកិត្តិនាមជាតិ និងកេរ្តិ៍ឈ្មោះស.វ.ស។ ជាចុងក្រោយ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សា សូមនិស្សិតជ័យលាភីពាំនាំចំណេះដឹងមកបម្រើពលរដ្ឋខ្មែរយើង និងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវេជ្ជសាស្ត្រនៅមាតុភូមិកម្ពុជាវិញ។

ជាមួយគ្នានោះ​ លោកឪពុករបស់កញ្ញា មិញ ស្រីពៅ បានសម្តែងនូវក្តីរីករាយជាពន់ពេកដែលកូនស្រីរបស់គាត់បានជាប់ទៅរៀននៅប្រទេសជប៉ុនតាមរយៈ ស.វ.ស។ គាត់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ក្នុងការជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលនេះ។

សូមរំព្ញកឡើងវិញថា តាមការចង្អុលបង្ហាញ និង ការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបជំរុញអោយមានកិច្ចសហការតាមរយ:អនុស្សរណ:យោគយល់គ្នាររវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងទៅសិក្សា ចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ និងទទួលអាហារូបករណ៍រយ:ពេលខ្លី និងរយ:ពេលវែងជាបន្តបន្ទាប់។ ជាក់ស្តែងតាំងពីឆ្នាំ២០១៧មក ស.វ.ស មាននិស្សិត ៤រូប គឺនិស្សិត គង់​ បុរី​ និស្សិត លាង សុទ្ធិ និង និស្សិត ឈាង លីមេង ព្រមទាំង មិញ ស្រីពៅនេះ បានទទួលអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតរយ:ពេល៦ឆ្នាំនៅ​ IUHW នៅប្រទេសជប៉ុន។
-------------
+ Website: http://www.uhs.edu.kh/ 
+ Social Media: https://web.facebook.com/uhs.edu.kh
+ Youtube: https://www.youtube.com/UHSEduKh