ស.វ.ស បើកទ្វារផ្ទះលើកទី២ ស្វាគមន៍អនាគតនិស្សិតចូលទស្សនាចររហូតដល់៤០០នាក់

By: Media | Posted on: 09/22/2018 9:31:00 AM

ថ្ងៃសុក្រ ១២ កើត ខែភទ្របទ ព.ស.២៥៦២ ឆ្នាំច សំរឹទ្ធិស័ក ត្រូវ​នឹង ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨  ស.វ.សបានបើកទ្វារទាំងពីរទីតាំងធំៗរបស់ខ្លួនរៀបចំស្វាគមន៍អនាគតនិស្សិត និងក្រុមគ្រួសារដែលបានចុះឈ្មោះចូលរួមក្នុងកម្មវិធីទស្សនាចរស.វ.ស ២០១៨ វគ្គទី២ រហូតដល់៤០០នាក់។ 

ពិធីនេះបានប្រារព្ធធ្វើនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃស.វ.ស ដោយមានការអញ្ចើញចូលរួមជាអធិបតីពីសំណាក់លោកព្រឹទ្ធបុរស លោកព្រឹទ្ធបុរសរង លោកនាយក លោកនាយករង និងវត្តមានចូលរួមរៀបចំ និងសម្របសម្រួលដោយមន្រ្តីរាជការ បុគ្គលិក សមាគមនិស្សិត និងនិស្សិត ស.វ.ស ស្ម័គ្រចិត្ត។ 

អ្នកចូលរួមទាំងអស់ត្រូវបែងចែកទៅតាមមហាវិទ្យាល័យ និង សាលា ផ្សេងៗគ្នានៃស.វ.ស ដើម្បីស្វែងយល់តាមរយ:បទបង្ហាញយ៉ាងស៊ីជម្រៅតាមជំនាញស្តីពីដំណើរការនៃការប្រឡងចូលរៀនថ្នាក់ជាតិ ការសិក្សាតាំងពីថ្នាក់មូលដ្ឋានរហូតថ្នាក់បញ្ចប់ និងសក្តានុពលអាហារូបករណ៍របស់និស្សិតពូកែ ស.វ.ស ទៅសិក្សានៅបរទេសដូចជាប្រទេសបារាំង ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសផ្សេងៗទៀត ដែលជាដៃគូរសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ។ 

បន្ថែមពីនោះទៀតសោត អ្នកចូលរួមបានចូលទស្សនាដោយផ្ទាល់តែម្តងនៅតាមទីតាំងសំខាន់ៗដូចជាមណ្ឌលប្រឡងតាមប្រព័ន្ធកុំព្យូរទ័រ សាលសិក្សា គ្លីនិក មន្ទីរពិសោធន៍អនុវត្តត្រាប់ដែលបំពាក់ដោយសំភារ:បរិក្ខារទំនើបៗបម្រើអោយការសិក្សា ទីតាំងបណ្ណាល័យ និងទីតាំងសំខាន់ៗផ្សេងៗទៀត។ 

គួរជម្រាបថា "ទស្សនាចរ ស.វ.ស" (UHS Open House) បានផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារ បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យ និងសម្រាប់ជំនួយសា្មរតី ជូនអនាគតនិស្សិតក្នុងការជ្រើសរើសជំនាញសិក្សាអោយបានត្រឹមត្រូវចំតាមគោលដៅវិជ្ជាជីវ:ដែលបានគ្រោងប្រាថ្នា ដោយមិនគិតថ្លៃ។ កម្មវិធីនេះ នឹងបន្តផ្តល់ជូនចំនួន ១វគ្គចុងក្រោយគឺនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨។ 

អ្នកដែលមានបំណងចូលរួម​ គ្រាន់តែអញ្ចើញមកចុះឈ្មោះអោយបានមុនចំនួនកំណត់ នៅផ្នែកព័ត៌មាន ស.វ.ស ច្រកខ្លោងទ្វារធំ ទីតាំងទី១ នៃ ស.វ.ស រៀងរាល់ម៉ោងធ្វើការ។