ទស្សនាចរ ស.វ.ស ឆ្នាំ២០១៨ លើកទី១ ស្វាគមន៏អ្នកចូលរួមដល់៣០០នាក់

By: Media | Posted on: 09/18/2018 8:24:06 AM


នាព្រឹកថ្ងៃ សុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ ស.វ.ស បានបើកទ្វារទាំងពីរទីតាំងធំៗរបស់ខ្លួនរៀបចំស្វាគមន៍អនាគតនិស្សិត និងក្រុមគ្រួសារដែលបានចុះឈ្មោះចូលរួមក្នុងកម្មវិធីទស្សនាចរស.វ.ស ២០១៨ វគ្គទី១ រហូតដល់ ៣០០នាក់។

ពិធីនេះបានប្រារព្ធធ្វើនៅតាមមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៅស.វ.ស ដោយមានការអញ្ចើញចូលរួមជាអធិបតីពីសំណាក់លោកព្រឹទ្ធបុរស លោកព្រឹទ្ធបុរសរង លោកនាយក លោកនាយករង និងវត្តមានចូលរួមរៀបចំ មន្រ្តីរាជការ បុគ្គលិក សមាគមនិស្សិត និងនិស្សិត ស.វ.ស ស្ម័គ្រចិត្ត។

អ្នកចូលរួមទាំងអស់ត្រូវបែងចែកទៅតាមមហាវិទ្យាល័យ និង សាលា ផ្សេងៗគ្នានៃស.វ.ស ដើម្បីស្វែងយល់តាមរយ:បទបង្ហាញយ៉ាងស៊ីជម្រៅតាមជំនាញស្តីពីដំណើរការនៃការប្រឡងចូលរៀនថ្នាក់ជាតិ ការសិក្សាតាំងពីថ្នាក់មូលដ្ឋានរហូតថ្នាក់បញ្ចប់ និងសក្តានុពលអាហារូបករណ៏របស់និស្សិតពូកែ ស.វ.ស ទៅសិក្សានៅបរទេសដូចជាប្រទេសបារាំង ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសផ្សេងៗទៀត ដែលជាដៃគូរសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ។ បន្ថែមពីនោះទៀតសោត អ្នកចូលរួមបានចូលទស្សនាដោយផ្ទាល់តែម្តងនៅតាមទីតាំងសំខាន់ៗដូចជាមណ្ឌលប្រឡងតាមប្រព័ន្ធកុំព្យូរទ័រ សាលសិក្សា គ្លីនិក មន្ទីរពិសោធន៏អនុវត្តត្រាប់ដែលបំពាក់ដោយសំភារ:បរិក្ខារទំនើបៗបម្រើអោយការសិក្សា ទីតាំងបណ្ណាល័យ និងទីតាំងសំខាន់ៗផ្សេងៗទៀត។

គួរជម្រាបថា "ទស្សនាចរ ស.វ.ស" (UHS Open House) បានផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារ បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យ និងសម្រាប់ជំនួយសា្មរតី ជូនអនាគតនិស្សិតក្នុងការជ្រើសរើសជំនាញសិក្សាអោយបានត្រឹមត្រូវចំតាមគោលដៅវិជ្ជាជីវ:ដែលបានគ្រោងប្រាថ្នា ដោយមិនគិតថ្លៃ។ 
កម្មវិធីនេះ នឹងបន្តផ្តល់ជូនចំនួន ពីរវគ្គទៀត គឺនៅថ្ងៃទី ២១ និង ២៨ ខែកញ្ញា ឆ្នាំ២០១៨។ 
អ្នកដែលមានបំណងចូលរួម​ គ្រាន់តែអញ្ចើញមកចុះឈ្មោះអោយបានមុនចំនួនកំណត់ នៅផ្នែកព័ត៌មាន ស.វ.ស ច្រកខ្លោងទ្វារធំ ទីតាំងទី១ នៃ ស.វ.ស រៀងរាល់ម៉ោងធ្វើការ។