ប្រតិភូនិស្សិត IUHW ប្រទេសជប៉ុន បញ្ចប់ទស្សនកិច្ចសិក្សាដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា

By: Media | Posted on: 08/21/2018 7:00:19 AM

បន្ទាប់ពីទស្សនកិច្ចសិក្សាទាក់ទងនឹងប្រព័ន្ធសុខាភិបាលដោយជោគជ័យក្នុងរយៈពេល១០ថ្ងៃនៅប្រទេសកម្ពុជា របស់ក្រុមប្រតិភូនិស្សិតនិងគ្រូដឹកនាំចំនួន២៥រូបមកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"បានរៀបចំកម្មវិធីបិទទស្សនកិច្ចសិក្សា និងពិសារអាហារសាមគ្គី នាល្ងាចថ្ងៃចន្ទ ២រោច ខែទុតិយសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

ពីធីនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស Prof. Miyako Oike, Dean of School of Nursing at Fukuoka Campus, IUHW, លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស/នាយក មន្រ្តីរាជការ បុគ្គលិក ក្រុមសិល្បៈនិស្សិត ស.វ.ស និងប្រតិភូនិស្សិត/គ្រូដឹកនាំ IUHW។

Prof. Miyako Oike បានសម្តែងនូវការអរគុណចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៃប្រទេសកម្ពុជា ដែលបានរៀបចំយ៉ាងកក់ក្តៅ និងប្រកបដោយការយកចិត្តទុកដាក់ចំពោះគ្រប់កម្មវិធីទាំងអស់ របស់ប្រតិភូនិស្សិត/គ្រូដឹកនាំ IUHW ​។ លោកស្រីសាស្រ្តាចារ្យបានសម្តែងនូវមនោសញ្ចេតនារីករាយជាពន្លឹក និង សូមអរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក របស់ ស.វ.ស។

អញ្ចើញមានមតិក្នុងពិធីបិទ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូរបស់ IUHW ទាំងអស់ ក្នុងឱកាសទស្សនកិច្ចជាលើកទី២នេះ។ ឯកឧត្តមសាកលវិទ្យាធិការបានលើកឡើងពីតថភាពនៃការរីកចម្រើនទាក់ទងនឹងការរីកចម្រើនលើប្រព័ន្ធសុខាភិបាល(និយាយជារួម) និងទាក់ទងនឹងការថយចុះគួរអោយកត់សំគាល់លើជម្ងឺឆ្លងផ្សេងៗ (និយាយដោយឡែក)។ បន្ថែមពីនោះ​ឯកឧត្តមបានលើកឡើងពីយុទ្ធសាស្រ្តជាគោលរបស់ ស.វ.ស ឆ្នាំ២០១៤-២០១៨ ក្នុងការពង្រីកកាលានុវត្តភាពជូននិស្សិតក្នុងការផ្លាស់ប្តូរការសិក្សាទៅវិញទៅមកជាមួយនឹងសាកលវិទ្យាល័យនៅបរទេសផ្សេងៗ។ ​ឯកឧត្តម បានយកឱកាសនោះថ្លែងអំណរគុណជាពន្លឺកចំពោះកិច្ចសហការដ៏ល្អរបស់មន្ទីរសុខាភិបាល មន្ទីរពេទ្យជាតិ មណ្ឌលសុខភាព ដែលបានផ្តល់ឱកាសជូនប្រតិភូ IUHW ក្នុងការសិក្សាស្វែងយល់។ មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ស.វ.ស ដែលបានចូលរួមយ៉ាងសកម្ម ដោយមិនគិតពីការនឿយហត់ក្នុងការធ្វើអោយកម្មវិធីទស្សនកិច្ចសិក្សាលើកនេះបញ្ចប់ដោយជោគជ័យ។

ក្នុងរយៈពេលនៃការចុះទស្សនកិច្ចនេះ ប្រតិភូនិស្សិត/គ្រូដឹកនាំ IUHW បានស្វែងយល់ពីព័ត៌មានទូទៅ និងការសិក្សា នៅទីតាំងទាំងពីរនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បន្ថែមពីនោះទៀតសោត ក្រុមប្រតិភូនិស្សិត IUHW បានស្វែងយល់អំពីការគ្រប់គ្រង និងការផ្តល់សេវាសុខភាពប្រជាជនទូទៅនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យជាតិនានា រមណីយដ្ឋាន​ទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមទាំងបានបន្តដំណើរទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទនាគព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត អរិយធម៌ និងវប្បធម៌របស់ប្រទេសកម្ពុជា។

គួររំព្ញកផងដែរថា តាមការចង្អុលបង្ហាញ និង ការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបជំរុញអោយមានកិច្ចសហការតាមរយ:អនុស្សរណ:យោគយល់គ្នាររវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងទៅសិក្សា ក៏ដូចជាទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាក់ស្តែង ស.វ.ស មាននិស្សិត ៣រូបគឺនិស្សិត គង់​ បុរី​ និស្សិត លាង សុទ្ធិ និង និស្សិត ឈាង លីមេង កំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ​ IUHW នៅប្រទេសជប៉ុន។