ប្រជាពលរដ្ឋជាង ៥០០នាក់ នៅសង្កាត់គោកឃ្លាង ទទួលសេវាពិនិត្យសុខភាពពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.វ.ស

By: Media | Posted on: 06/21/2018 1:57:16 PM

     ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង (H.E Dr. MAM Bunheng)
 រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋរស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្ដមបានរំលឹកណែនាំដល់បងប្អូនឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជម្ងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។

     ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នេះគឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ឫសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ជំនាញដល់និស្សិតពេទ្យ អោយមានជំនាញបន្ថែម។ ចំពោះសកម្មភាពនេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យខិតជិតដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៏និងដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ 

     កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនេះ គឺដើម្បីបំពេញសេចក្ដីត្រូវការឲ្យទាន់ពេលវេលាលើសេវាសុខភាពមូលដ្ឋានជូនប្រជាពលរដ្ឋ រួមមានការផ្តល់នូវសេវា មានជាអាទិ៖
១. ពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ (សម្រាប់មនុស្សពេញវ័យ និងកុមារ) 
២. ពិនិត្យមាត់-ធ្មេញ 
៣. ពិនិត្យភ្នែក (មានផ្តល់វ៉ែនតា)
៤. ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង អេកូបេះដូង
៥. ពិនិត្យផ្ទៃពោះ និងអេកូពោះ
៦. ព្យាបាលដោយចលនា
៧. មន្ទីរពិសោធន៍
៨. ផ្តល់ឱសថ

ជាសរុបបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យសុខភាពដោយឥតថ្លៃក្នុងកម្មវិធីថ្ងៃនេះ មានចំនួន ៥០៦ នាក់ (ស្រី ៣០៥នាក់)។