ម្ចាស់ពានរង្វាន់ណូបែលអន្តរជាតិ សាស្រ្តាចារ្យ បណ្ឌិត និង លោក-លោកស្រីមានជំនាញខាងវិស័យសុខាភិបាលប្រមាណជាង១០០រូប បានអញ្ជើញចូលរួមក្នុងទិវាវិទ្យាសាស្ត្ររបស់គម្រោង ANRS ប្រចាំព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារភ្នំពេញថ្ងៃច័ន្ទ ០៦ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨។

អញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាវិទ្យាសាស្ត្រនេះ មានរត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង (HE Pr. MAM BunHeng) រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ Eva NGUYEN BINH ឯកអគ្គ​រដ្ឋទូត​បារាំងប្រចាំ​នៅ​កម្ពុជា។ ក្នុងពីធីនោះ ក៏មានវត្តមានផងដែរ Pr. Françoise BARRE-SINOUSSI, Pr. Jean-François DELFRAISSY, Pr. François DABIS, ANRS Director, Dr. Isabelle FOURNIER, Cambodian site ANRS coordinator, ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ស.វ.ស និងវត្តមានចូលរួមមន្រ្តី ស.វ.ស ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកពីស្ថាប័នផ្សេងៗគ្នាជាច្រើនរូបទៀត។

ទិវាវិទ្យាសាស្ត្ររបស់គម្រោង ANRS ប្រចាំព្រះរាជាណាចក្រកម្ពុជា នេះធ្វើឡើងក្នុងគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវនានា តាមរយៈការសំយោគលទ្ធផលទាំងនោះដើម្បីជាប្រយោជន៍ក្នុងការការពារ និងព្យាបាលជម្ងឺអេដស៍ និងរលាកថ្លើមនៅកម្ពុជា។ ទិវានេះក៏មានការពិភាក្សាស្តីពីការរៀបចំគំរោងស្រាវជ្រាវថ្មីៗបន្ថែមទៀត ក្នុងថ្ងៃអនាគតដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ អ្នកចូលរួមក្នុងទិវាវិទ្យាសាស្រ្តនេះ មានមកពីប្រទេសកម្ពុជា ប្រទេសបារាំង ប្រទេសជប៉ុន អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

ក្នុងពិធីនោះ​ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអញ្ជើញប្រគល់មេដាយកិត្តិយសសហមេត្រីថ្នាក់ធិបឌិន្ទរបស់រាជរដ្ឋាភិបាលកម្ពុជាជូនលោកសាស្រ្តាចារ្យ Jean-François DELFRAISSY ដើម្បិជាសក្ខីភាពនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដ៏ថ្លៃថ្លារបស់លោកសាស្រ្តាចារ្យក្នុងការជួយដល់វិស័យសុខាភិបាលនៃប្រទេសកម្ពុជានាពេលកន្លងមក។

គួរជម្រាបផងដែរថា អង្គការ ANRS មានទីស្នាក់ការនៅ ស.វ.ស ដែលមានបេសកកម្មដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការផ្តល់នូវបច្ចេកទេស បច្ចេកវិជ្ជា និងលើកទឹកចិត្តគាំទ្រដល់ការបណ្តុះបណ្តាលភ្នាក់ងារសុខាភិបាលលើការស្រាវជ្រាវ។

Posted on: 01/23/2018 8:53:02 AM