នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ លោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(សវស) បានចូលរួមក្នុងវេទិកាចិន-អាស៊ានលើកទី៥ ស្តីពីការផ្លាស់ប្តូរបច្ចេកវិទ្យា និងការសហការក្នុងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ (5th China-ASEAN Technology Transfer and Collaborative Innovation) ដែលបាន ប្រព្រឹត្តទៅនៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន។

ប្រធានបទសំខាន់នាឆ្នាំ ២០១៧ បានផ្តោតលើការសហការក្នុងវិស័យវេជ្ជបុរាណ។ ប្រតិភូសវស បានចូលរួមស្តាប់បទឧទ្ទេសនាមនានាដែលបង្ហាញដោយវាគ្មិនមកពីសាកលវិទ្យាល័យនានានៃប្រទេសចិន បរទេស និងប្រតិភូនៃបណ្តាប្រទេសនានានៃសហគមន៍អាស៊ាន។
លើសពីនេះ ប្រតិភូសវសបានបំពេញនូវការងារបន្ថែមដូចខាងក្រោម:
១.បានតំណាងសវស ក្នុងការចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តផែនការស្រាវជ្រាវស្តីពីរុក្ខជាតិឪសថជំនាន់ទី៤ ( Launch of Medicinal Plants 4.0)។
២.បានតំណាងសវសក្នុងការគាំទ្រគំនិតផ្តួចផ្តើមនាទីក្រុងណាននីង ( Nanning Initiative) ដែលសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្រ្តបុរាណរវាងខេត្តក្វាងស៊ី ហុងកុង ម៉ាកាវ និងបណ្តាប្រទេសនៃសហគមន៍អាស៊ាន ក្នុងការអនុវត្តគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវតែ១ " (Belt and Road Initiative)
៣.បានធ្វើបទបង្ហាញស្តីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឱសថបុរាណ នៅសវស។
៤.បានចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងសវស និងសាកលវិទ្យាល័យឱសថបុរាណចិននៃខេត្តក្វាងស៊ី ស្តីពីកិច្ចសហការរវាងសាកលវិទ្យាល័យទាំងពីរក្នុងវិស័យវេជ្ជសាស្រ្ត បុរាណ។

Posted on: 09/14/2017 4:12:48 PM