នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ និង ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានទទួលជួបសំណេះសំណាលជាមួយក្រុមគ្រួសារ និងសាមីនិស្សិត លាង សុទ្ធិ និងឈាង លីមេង ជាជ័យលាភីអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ប្រទេសជប៉ុន

នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមជាមួយលោកសាស្រ្តាចារ្យជំ. ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ និងលោកវេជ្ជបណ្ឌិត ឡេង វេងសែ ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសវស បានទទួលជួបសំណេះសំណាលជាមួយក្រុមគ្រួសារ និងសាមីនិស្សិត លាង សុទ្ធិ និងឈាង លីមេង ជាជ័យលាភីអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ក្រោមកិច្ចសហប្រតិបត្តិការរវាងសវស និង IUHW។
ក្នុងឱកាសកិច្ចសំណេះសំណាលនេះ ឯកឧត្តមសាកលវិទ្យាធិការ បានសំដែងនូវការអបអរសាទរ និងកោតសសើរចំពោះ និស្សិតជ័យលាភី ដែលទទួលបានជោគជ័យក្នុងដំណាក់កាលជ្រើសរើសដ៏ហ្មត់ចត់ និង តម្លាភាព ដែលវិនិច្ឆ័យដោយគណៈកម្មការជ្រើសរើសរបស់ស.វ.ស និង ការធ្វើតេស្តនិងសម្ភាសន៍ផ្ទាល់ដោយភាគី IUHW ។
ឯកឧត្តមសាកលវិទ្យាធិការ បានមានប្រសាសន៍ណែនាំដល់និស្សិតជ័យលាភីត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងពីសមត្ថភាពនិស្សិតខ្មែរ ក្រោមបរិបទប្រកួតប្រជែងក្នុងចំណោមនិស្សិតអន្តរជាតិ និងដើម្បីជាគំរូដល់និស្សិតជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើសូមឲ្យនិស្សិតជ័យលាភីមានជំហររឹងមាំក្លាហានក្នុងចំណោមនិស្សិតជប៉ុន និង និស្សិតបរទេសដទៃទៀត ដោយប្រកាន់ខ្ជាប់នូវអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដើម្បីលើកស្ទួយកិត្តិនាមជាតិ និងកេរិ៍ឈ្មោះស.វ.ស។ 
ជាចុងក្រោយ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សា សូមនិស្សិតជ័យលាភីពាំនាំចំណេះដឹងមកបម្រើពលរដ្ឋខ្មែរយើង និងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវេជ្ជសាស្ត្រនៅមាតុភូមិកម្ពុជាវិញ។

Posted on: 09/16/2017 11:55:21 AM