ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្តស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

By: Media | Posted on: 09/11/2017 8:41:24 PM

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស)
បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា
នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្តស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
និស្សិតជ័យលាភីដែលបានចូលក្នុងពិធីនេះ មានចំនួន ៣៩៨៦នាក់ (នារី២៦១១នាក់)
ដែលបានបញ្ចប់ការសិក្សានៅសវស
ក្នុងនោះមាននិស្សិតកម្រិតវេជ្ជបណ្ឌិតឯកទេស ១២៦នាក់ កម្រិតវេជ្ជបណ្ឌិត ៣២៣នាក់ កម្រិតទន្តបណ្ឌិត ៣៣៧នាក់ កម្រិត
ឱសថការី ៧៣២នាក់ កម្រិតបរិញ្ញាបត្រគិលានុបដ្ឋាក ៥៧១នាក់ កម្រិតបរិញ្ញាបត្រគិលានុបដ្ឋាកបន្ត ២៥នាក់
កម្រិតបរិញ្ញាបត្រឆ្មប ៨៨នាក់ កម្រិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ៦១៨នាក់ កម្រិតបរិញ្ញាបត្ររងឆ្មប ៦៣៤នាក់
កម្រិតបរិញ្ញាបត្ររងមន្ទីរពិសោធន៍ ៣២២ នាក់ កម្រិតបរិញ្ញាបត្ររងវិទ្យុសាស្រ្ត១០១នាក់
និងកម្រិតបរិញ្ញាបត្ររងព្យាបាលដោយចលនា១០៩ នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
បានគូសបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ ទំនុកបំរុងពីរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ
ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
បានធ្វើការអភិវឌ្ឍឈានឡើងក្លាយជាថ្នាលបណ្តុះបណ្តាលនាំមុខគេ ក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល
ដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ ឯកឧត្តមបានគោរពថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោ ដែលបាន ផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ចូលរួមជាអធិបតីក្នុងពិធីនេះ
ដែលជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីបុគ្គលិក
និងនិសិ្សតទាំងអស់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងសុខាភិបាល ឲ្យកាន់តែមានភាពជឿជាក់ និងកក់ក្តៅថែមទៀត
ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ក្នុងដំណាក់កាលថ្មីនៃសមាហរណកម្មអាស៊ាន
និងសកលភាវូបនីយកម្ម។
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលជាមួយនិស្សិតជ័យលាភី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានអញ្ជើញចែកសញ្ញាបត្រជានិមិត្តរូបជូនដល់និស្សិតជ័យលាភីពូកែ ចំនួន៤០រូប៕