ពិធីផ្សព្វផ្សាយនិតិវិធី និងបទបញ្ញត្តិ  គណៈកម្មការរៀបចំចងក្រងសំណួរការប្រឡងថ្នាក់វេជ្ជបណ្ឌិតឯកទេស

(ទីតាំងទី១ ស.វ.ស)៖ នារសៀលថ្ងៃ ១៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ នៅទីតាំងទី១ ស.វ.ស មានរៀបចំកិច្ចប្រជុំស្តីពី “ការផ្សព្វផ្សាយនិតិវិធី និងបទបញ្ញត្តិរបស់គណៈកម្មការរៀបចំចងក្រងសំណួរសម្រាប់ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅ ស.វ.ស សម្រាប់ឆ្នាំ២០២០-២០២១”។

ពិធីនេះបានដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងមូលនិធិអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ អ៊ូ ស៊ីថា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ។ ពិធីនេះមានវត្តមានចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ជាសមាជិកគណៈកម្មការរៀបចំចងក្រងសំណួរសម្រាប់ការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅ ស.វ.ស សម្រាប់ឆ្នាំ២០២០-២០២១ ។

ស.វ.ស មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យការប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស ដំណើរការដោយរលូន ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សមភាព និងតម្លាភាព ព្រមទាំងមានភាពទទួលខុសត្រូវខ្ពស់។ ដំណើរការប្រលងគឺមានការអញ្ចើញចូលរួមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការតាមដាន ត្រួតពិនិត្យ សកម្មភាពនៃដំណើរការប្រឡងតាំងពីដើមរហូតដល់ចប់។

គួរជម្រាបជូនថា ដើម្បីធានាឱ្យការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅ ស.វ.ស ឆ្នាំ២០២០-២០២១ ដំណើរការដោយរលូន ត្រឹមត្រូវ យុត្តិធម៌ គុណភាព និងប្រសិទ្ធភាពនៃការប្រឡងបន្ថែមទៀត គណៈកម្មការរៀបចំការប្រឡងបានធ្វើការប្រជុំ៣លើករួចមកហើយ ដោយបានពិភាក្សាយ៉ាងល្អិតល្អន់លើ”វិធីសាស្រ្តនៃការវាយតម្លៃការសិក្សារបស់និស្សិត”ដែលជាកត្តាគន្លឹះនៃការខិតខំប្រឹងប្រែងរបស់និស្សិត ដោយគណៈកម្មការបានកំណត់កែសម្រួលនូវនិតិវិធី និងបែបបទនៃការប្រឡង។

Posted on: 08/03/2020 5:22:47 PM