ស.វ.ស លើកកម្ពស់គោលការណ៍សាកលវិទ្យាល័យបៃតង អនុលោមតាមយុទ្ធសាស្រ្ត ៥ឆ្នាំទៅមុខ

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ ស.វ.ស សរុបជិត៨០នាក់ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានលើកឡើងពីការលើកកម្ពស់គោលការណ៍សាកលវិទ្យាល័យបៃតង ដែលមានចែងក្នុងចំនុចទី៤ ពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងល្អ ក្នុងគោលដៅជាយុទ្ធសាស្រ្តចំនួន៦ចំនុច ដែលទទួលបាននូវការអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាភិបាលស.វ.ស ក្នុងកិច្ចប្រជុំលើកទី៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស។


ការលើកឡើងនេះធ្វើឡើងក្នុងក្នុងសិក្ខាសាលាស្តីពីការរៀបចំផែនការប្រតិបត្តិឆ្នាំ២០២០ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខេត្តកំពត នាថ្ងៃ សុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០។

គោលការណ៍សាកលវិទ្យាល័យបៃតង នឹងអនុវត្តឡើងតាមរយ:ការកាត់បន្ថយជាអតិបរមាតាមតែអាចធ្វើទៅបានចំពោះការប្រើប្រាស់ក្រដាស ការសន្សំសំចៃអោយអស់ពីលទ្ធភាពចំពោះអគ្គិសនី និងការប្រើប្រាស់ទឹក។ បន្ថែមពីនោះ គោលការណ៍សាកលវិទ្យាល័យបៃតង ក៏មាននូវការរក្សា កែលំអ និងដាំបន្ថែមនូវរុក្ខជាតិមួយចំនួនទៅតាមលទ្ធភាពជាក់ស្តែងដើម្បីផ្តល់នូវសោភ័ណ្ឌភាព និងផាសុខភាពផងដែរ។

Posted on: 03/07/2020 3:56:40 PM