ស.វ.សជាម្ចាស់ផ្ទះរៀបចំពិធីប្រគល់ពានរង្វាន់ការប្រកួតស្នាដៃស្រាវជ្រាវរបស់និស្សិតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩

(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" បានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកាសលទ្ធផលប្រគល់ពានរង្វាន់ការប្រកួតស្នាដៃស្រាវជ្រាវរបស់និស្សិតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ នាព្រហស្បត៍ ១២កើត ខែផល្គុណ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ នៅទីតាំងទី១ នៃស.វ.ស។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។ ជាមួយគ្នានោះផងដែរ ក៏មាននូវការអញ្ចើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា ថ្នាក់ដឹកនាំក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ និស្សិត និងបេក្ខជន/នារីក្រុមប្រកួតប្រជែង។

កម្មវិធី ប្រកួតស្នាដៃស្រាវជ្រាវរបស់និស្សិតកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានរៀបចំធ្វើឡើងដោយក្រសួងអប់រំយុវជន និងកីឡា រួមជាមួយក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន ។ សម្រាប់ការប្រកួតឆ្នាំនេះ ក្រុមដែលទទួលពានរង្វាន់ជើងឯក នឹងទទួលបានថវិកា ចំនួន ២០០០ ដុល្លា និងលិខិតបញ្ជាក់ និងក្រុមរងជើងឯក នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ១០០ ដុល្លាក្នុងមួយក្រុម និងលិខិតបញ្ជាក់។

បេក្ខជនដែលបានចូលរួមការប្រកួតឆ្នាំ ២០១៩ មាន ៣៥ក្រុម មកពីសាកលវិទ្យាល័យរដ្ឋ និងឯកជន ចំនួន ១១ រួមមាន៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចកវិទ្យាកម្ពុជា សាលាជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានទូរគមនាគមន៍ និងបច្ចេកវិទ្យា សាកលវិទ្យាល័យក្រចេះ សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យផារ៉ាហ្គនអន្តរជាតិ សាកលវិទ្យាល័យបញ្ញាសាស្រ្ត និងសាកលវិទ្យាល័យកម្ពុជា។

ការវាយតម្លៃការប្រកួតនៃវគ្គនីមួយៗត្រូវបានធ្វើឡើងដោយគណៈកម្មការវាយតម្លៃឯករាជ្យ ដែលបានចាត់តាំងដោយសាកលវិទ្យាល័យដែលជាសមាជិកក្រុមប្រឹក្សាសាកលវិទ្យាធិការ មកពី១៣ ស្ថាប័នផ្សេងៗគ្នាចំនួន ១៣នាក់ ដែលមានចំណេះដឹងនិងបទពិសោធន៍ទាក់ទងនឹងការសិក្សាស្រាវជ្រាវច្បាស់លាស់។

Posted on: 03/06/2020 8:21:06 AM