ស.វ.ស និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមគ្នាបើកបង្រៀនថ្នាក់ "បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត" ដំបូងគេនៅប្រទេសកម្ពុជា


(ទីតាំងទី១ ស.វ.ស)៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីបើកជាផ្លូវការ ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត (Associate Degree of Bio-Medical Engineering Technician) ជំនាន់ទី១ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តម Vlastimil Tesar ភារៈធារីស្តីទី នៃស្ថានទូតសាធារណៈរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត នេះសិក្សារយៈពេល៣ឆ្នាំ ឬ៦ឆមាស ដែលក្នុងនោះ ៥ឆមាសត្រូវសិក្សាក្នុងថ្នាក់រៀន និងមន្ទីរពិសោធន៍បង្ហាញត្រាប់ និងមួយឆមាសទៀតផ្តោតលើការធ្វើកម្មសិក្សារបស់និស្សិត។ សម្រាប់ជំនាន់ទី១នេះ មាននិស្សិតចំនួន ៨រូប (នារី៥រូប) នឹងត្រូវសិក្សាជំនាញនេះនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ។ ក្រោយការបញ្ចប់ការសិក្សា និស្សិតនឹងទទួលបាននូវសញ្ញាបត្ររួមគ្នាចេញដោយ ស.វ.ស និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

គួរជម្រាបថា នាឆ្នាំ២០១៤ តាមរយៈលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ ស.វ.ស ក្នុងចំណោមមន្ទីរពេទ្យមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្ហាញឱ្យឃើញថា មានកង្វះខាតជាខ្លាំងលើធនធានមនុស្សដែលមានជំនាញផ្នែកថែទាំ និងជួសជុសឧបករណ៍វេជ្ជជីវសាស្រ្ត។ ដើម្បីបំពេញតម្រូវការធនធានមនុស្សដ៏មានសារៈសំខាន់នេះ ស.វ.ស បានសហការជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ផ្តើមរៀបចំបង្កើតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្រ្ត នេះឡើងជាលើកដំបូងបំផុតនៅប្រទេសកម្ពុជា ។ គម្រោងកម្មវិធីបណ្តុះបណ្តាល គឺមានការគាំទ្រពីសំណាក់ស្ថានទូតសាធារណៈរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយទទួលនូវការឧបត្តម្ភថវិការតាមរយៈ Czech Development Agency។

Posted on: 02/20/2020 4:33:20 PM