កិច្ចប្រជុំប្រចាំត្រីមាសរវាងថ្នាក់ដឹកនាំ ស.វ.ស និងស្ថានទូតបារាំង ផ្តល់ប្រយោជន៍ជាច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាល នៅប្រទេសកម្ពុជា

រសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស រវាងថ្នាក់ដឹកនាំ ស.វ.ស ជាមួយស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបទ្វេរភាគីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន​ វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស និង M. Guillaume NARJOLLET, Conseiller de Coopération et d'Action Culturelle, Ambassade de France au Cambodge។

កិច្ចពិភាក្សាបានសម្រេចនូវលទ្ធផលផ្លែផ្លាជាច្រើនទាក់ទងនឹងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ស.វ.ស និងស្ថានទូតបារាំង ដែលក្នុងនោះរួមមានការបណ្តុះបណ្តាលថ្នាក់កម្មវិធីអន្តរជាតិ, ការផ្លាស់ប្តូរកម្មសិក្សារបស់និស្សិត-គ្រូបរទេស, ទីតាំងផ្តល់ព័ត៌មាន Espace France ប្រចាំនៅ ស.វ.ស, អាហារូបករណ៍ Erasmus + KA1 និងការងារផ្សេងៗទាក់ទងនឹងកិច្ចការទំនាក់ទំនងអន្តរជាតិ។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩កន្លងមក និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ស.វ.ស ទទួលអាហារូបករណ៍ទៅប្រទេសបារាំង ចំនួន ៩៤រូប ក្នុងនោះមាននិស្សិតជានារី ២១រូបដោយបែងចែកជា ២១ឯកទេស នៅតាមទីក្រុងចំនួន ២២ នៅប្រទេសបារាំង។

Posted on: 02/09/2020 3:03:46 PM