ស.វ.ស ពង្រីកសមត្ថភាពទទួលនិស្សិតក្នុងតំបន់ ទ្វីបអាហ្រ្វិក និងទ្វីបអឺរ៉ុប មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរឯកស័ក
ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំពិធីបើកជាផ្លូវការ “ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង” ដែលជាកម្មវិធីសិក្សារួមគ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យ Paris Saclay នៃប្រទេសបារាំង។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមការអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ក៏មានការចូលរួមរបស់របស់ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តមសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិក និងនិស្សិត ស.វ.ស ប្រមាណ១០០នាក់។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការណែនាំប្រកបដោយទស្សនៈចក្ខុវិស័យវែងឆ្ងាយពីសំណាក់ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង, បានផ្តល់នូវកាលានុវត្តភាពប្រកបដោយសុទិដ្ឋិនិយមក្នុងការជំរុញឱ្យកម្មវិធីសិក្សាលក្ខណៈអន្តរជាតិនេះលេចជារូបរាងឡើង។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ សិក្សារយៈពេល២ឆ្នាំជាភាសាអង់គ្លេស ដោយត្រូវសិក្សានៅប្រទេសកម្ពុជា និងសិក្សានៅប្រទេសបារាំង ដែលមុននឹងដាក់ពាក្យជ្រើសរើសចូលរៀនបាន និស្សិតត្រូវឆ្លងកាត់ថ្នាក់ត្រៀមដោយជោគជ័យជាមុនសិន។

ជំនាន់ទី១ នៃ“ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង”នេះ មាននិស្សិតចំនួន ១០រូប ដែលមកពីប្រទេសបារាំង ប្រទេសហ្គាណា ប្រទេសថៃ និងប្រទេសកម្ពុជា។

ការបណ្តុះបណ្តាលកម្រិតអន្តរជាតិនេះ ទទួលបាននូវកិច្ចសហការយ៉ាងរឺងមាំពីសំណាក់វិទ្យាស្ថានប៉ាស័្ទរកម្ពុជា សាកលវិទ្យាល័យ Paris Saclay ប្រទេសបារាំង និងការគាំទ្រយ៉ាងមោះមុតពីសំណាក់ស្ថានទូតបារាំងប្រចាំនៅប្រេទេសកម្ពុជា។

Posted on: 12/05/2019 1:02:32 PM