រដ្ឋមន្រ្តីក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

(ភ្នំពេញ)៖ ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល”ស.វ.ស” បានរៀបចំពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៩-២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។
អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីនេះផងដែរ ក៏មានវត្តមានលោកជំទាវអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និស្សិត និងអាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ។

ឯកឧត្ដមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈអធិបតី និងអង្គពិធីក្នុងឱកាសដ៏មានតម្លៃនេះ។
ឯកឧត្ដមសាស្រ្តាចារ្យបានលើកឡើងថា នៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩ កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានបណ្ដុះបណ្ដាលនិស្សិតមានចំនួនសរុប ៥,៥១៣ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ២,៨៧៨ នាក់ និងមាននិសិ្សត ចំនួន ៥៤៧ នាក់ ទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ។ បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ១២៩ នាក់ បានទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានពាំនាំនូវការសួរសុខទុក្ខ និងនឹករឭកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ក្មួយៗ និស្សិត មាតា បិតា និងអាណាព្យាបាលនិស្សិតទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលពីមួយឆ្នាំ ទៅមួយឆ្នាំ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបាននូវការទទួលស្គាល់គុណភាពពីសាធារណជន និងជាសាកលវិទ្យាល័យគំរូនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល។

ក្នុងកម្មវិធីនេះផងដែរដើម្បីជាការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ការខិតខំរបស់សាស្រ្តាចារ្យ មន្រ្តី-បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យបានជ្រើសរើស សាស្រ្តាចារ្យឆ្នើមស.វ.ស សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ចំនួន ១៨ នាក់ និស្សិតស.វ.សឆ្នើមសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ចំនួន ១១០ នាក់ និងមន្រ្តី-បុគ្គលិកស.វ.សឆ្នើម សម្រាប់ឆ្នាំ២០១៩ ចំនួន ១៨ នាក់៕

Posted on: 11/04/2019 1:51:16 PM