ស.វ.ស ត្រៀមបញ្ជូននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ៩៤រូប ទៅសិក្សានៅប្រទេសបារាំង

(ភ្នំពេញ)៖ ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) មានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងក្នុងឆ្នាំ២០១៩។


ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ក៏មាននូវវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។


ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានគោរពរាយការណ៍ជូនគណៈអធិបតីថា ចាប់ពីឆ្នាំ១៩៩៦មក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ស.វ.ស បានបញ្ជូននិស្សិតចុះកម្មសិក្សាតាមមន្ទីរពេទ្យនៅប្រទេសបារាំង ចំនួនពី៣០ ទៅ៤០ នាក់ ក្នុងមួយឆ្នាំៗ។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៧ មាននិស្សិតវេជ្ជសាស្រ្តស.វ.ស (ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស) សរុបចំនួន ៦៨៦ នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ក្នុងឆ្នាំ២០១៨កន្លងទៅ និស្សិតស.វ.ស ចំនួន ៥០ នាក់ (ក្នុងនោះមាននិស្សិតស្រី ១៩ នាក់) បានទទួលអាហារូបករណ៍បន្តការសិក្សា នៅប្រទេសបារាំង (៤០ នាក់ ក្នុងកម្មវិធី DFMS -Diplôme de Formation Médicale Spécialisée និង០៧ នាក់ ក្នុងកម្មវិធី DFMSA-Diplôme de Formation Médicale Spécialisée Approfondie) និងអតីតនិស្សិតស.វ.សចំនួន ០៣នាក់ (ស្រី ០១ នាក់) ធ្វើកម្មសិក្សាជាStagiaires associés នៅប្រទេសបារាំង។ ឯកឧត្តមសាស្រ្តាចារ្យបានបន្តថា នៅឆ្នាំ២០១៩នេះ ចំនួននិស្សិតដែលបានទទួលអាហារូបករណ៍ទៅប្រទេសបារាំង មានចំនួន ៩៤រូប ក្នុងនោះមាននិស្សិតជានារី ២១រូប បែងចែកជានិស្សិតជាប់ប៉ុស្តិ័ Contingent National (CN) ចំនួន ៦៤រូប និង និស្សិតជាប់ប៉ុស្តិ៍ Cooperation (CIU) ចំនួន ១៩រូប ដោយបែងចែកជា ២១ឯកទេស នៅតាមទីក្រុងចំនួន ២២ នៅប្រទេសបារាំង។

ក្នុងពិធីនេះឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលបាន និងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕

Posted on: 10/21/2019 1:17:32 PM