ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ចើញទស្សនាបច្ចេកវិទ្យាសុខាភិបាលទំនើបនៅមន្ទីរពិសោធន៍បង្ហាញត្រាប់ ស.វ.ស

នៅព្រឹកថ្ងៃ ច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ស.វ.ស បានអញ្ជើញមកធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) ផ្នែកវេជ្ជសាស្ត្រ របស់ស.វ.ស និងទស្សនាការបង្ហាញការបង្រៀនអនុវត្តន៍ផ្ទាល់ជាមួយនឹងឧបករណ៍ទំនើបៗ។

ស.វ.ស ជាសាកលវិទ្យាល័យដែលបានផ្តោតអាទិភាពខ្ពស់ក្នុងការធ្វើទំនើបកម្មសម្ភារ:បរិក្ខាមន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់ការបណ្តុះបណ្តាលវិស័យវិទ្យាសាស្រ្តសុខាភិបាល។
ដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសពីក្រសួងសុខាភិបាល និងការសហការឧបត្ថម្ភពីដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ស.វ.សបានបំពាក់នូវសម្ភារៈបរិក្ខាសម្រាប់ការអនុវត្តបង្ហាញត្រាប់ទំនើបៗជាច្រើនប្រភេទ ដែលគិតមកដល់ត្រឹមឆ្នាំ២០១៨ ចំនួន 2787 គ្រឿងសម្រាប់និស្សិតស.វ.ស មានលទ្ធភាពអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ទៅតាមជំនាញនីមួយៗ។

ការបណ្តុះបណ្តាលនៅ ស.វ.ស បានវិវត្តជាលំដាប់ក្នុងការបណ្តុះបណ្តាលបែប Competency Based Education ដែលមានការបង្រៀនទ្រឹស្តី រួមជាមួយការអនុវត្តផ្ទាល់នៅមន្ទីពិសោធន៍បង្ហាញត្រាប់ មុននឹងការអនុវត្តជាមួយនឹងអ្នកជំងឺដោយផ្ទាល់។
នេះគឺជាការរីកចម្រើននៃការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងកិច្ចខិតខំកែសម្រួលដោយផ្តោតទៅលើចំណេះធ្វើជាគោល (Competency Based Education) តាមរយៈការអនុវត្តន៍ដោយផ្ទាល់នៅមន្ទីរពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់សាកលវិទ្យាល័យ ឱ្យច្រើនបំផុតតាមតែអាចធ្វើទៅបានជូនដល់និស្សិតរបស់ខ្លួន

Posted on: 09/09/2019 3:47:25 PM