គណៈប្រតិភូ Kunming Medical University បង្ហាញឆន្ទ:យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ស.វ.ស

ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ គណៈប្រតិភូសាកលវិទ្យាល័យ Kunming Medical University នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក YUAN Bin, Chairman of Administration Committee បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំនៃ ស.វ.ស ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងផ្តល់នូវវិសាលភាពក្នុងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ។ ឯកឧត្តមក៏បានលើកឡើងផងដែថា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សារបស់ ស.វ.ស បានបង្ហាញនូវឆន្ទ:យ៉ាងមោះមុត និងក្តីសង្ឃឹម ចំពោះកិច្ចសហប្រតិបត្តិការនានាជាមួយនឹងសាធារណៈរដ្ឋប្រជាមានិតចិន ពិសេសសាកលវិទ្យាល័យ Kunming Medical University។

ជាកិច្ចឆ្លើយតប លោក YUAN Bin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់របស់ថ្នាក់ដឹកនាំ ស.វ.ស និងបានសម្តែងនូវអំណរគុណចំពោះសម្ព័ន្ធភាពដែលស.វ.ស បានផ្តល់កិច្ចគាំទ្រយ៉ាងក្លៀវក្លាក្នុងពិធីសម្ពោធ South and Southeast Asia Medical Education and Service Alliance (SSAMESA) នៅសាធារណរដ្ឋប្រជាមានិតចិន នាខែកក្កដា ឆ្នាំ២០១៩កន្លងមក។ លោក YUAN Bin បានលើកឡើងបន្ថែមថា សាកលវិទ្យាល័យ Kunming Medical University បានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង ស.វ.ស ក្នុងការពង្រឹង និងជំរុញលើការសហការនានារបស់សាកលវិទ្យាល័យទាំងពីរចំពោះគោលគំនិតរួមគ្នាក្នុងការអនុវត្តជាក់ស្តែងក្នុងការបណ្តុះបណ្តាលវិស័យលវេជ្ជសាស្ត្រ។

គួរជម្រាបឡើងវិញថា កម្មវិធី SSAMESA គឺមានទិសដៅស្របនឹងគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ (Road and Belt Initiative) ដើម្បីបង្កើតជា Multilateral platform សម្រាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអោយកាន់តែប្រសើរឡើងក្នុងការងារបណ្តុះបណ្តាលសុខាភិបាល ការងារស្រាវជ្រាវវិទ្យាសាស្រ្ត ការផ្តល់សេវាសុខាភិបាល ព្រមទាំងការផ្លាស់ប្តូរមន្រ្តី/បុគ្គលិក/និស្សិតរវាងសាកលវិទ្យាល័យវិស័យសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យនៃប្រទេសដែលចូលរួមខាងលើដោយយោងតាមគោលការណ៍ពិភាក្សាស្មើមុខមាត់ ការចូលរួមចំណែកក្នុងសកម្មភាពគម្រោង ចែករំលែកប្រយោជន៍រួម និងគោលការណ៍លទ្ធផលឈ្នះ ឈ្នះ។

Posted on: 08/23/2019 1:43:57 PM