ស.វ.ស រៀបចំផែនការយុទ្ធសាស្រ្តថ្មី សម្រាប់ ៥ឆ្នាំបន្ត ឆ្នាំ២០១៩-២០២៣

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស”បានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់ស.វ.ស” នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី។

សិក្ខាសាលានេះមានកិត្តិយដោយមានវត្តមានជាអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម យ៉ក់ ងុយ សមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម លោក-លោកស្រីសាស្រ្តាចារ្យ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍របស់ស.វ.ស សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង ប្រធាន អនុប្រធាន ការិយាល័យ សាកលវិទ្យាធិការដ្ឋាន នៃស.វ.សប្រមាណ ៨០រូប។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស បានសម្តែងនូវគារវកិច្ចគោរព និង ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ គណៈអធិបតី និងអង្គពីធីទាំងមូល ក្នុងពិធីបើកសិក្ខាសាលា និងបានជម្រាបជូនអង្គពិធីអំពីគោលបំណងសិក្ខាសាលាក្នុងរយៈពេល២ ថ្ងៃនេះ។ ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណជាពិសេសជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តមសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ ដែលតែងតែគាំទ្រ ចង្អុលបង្ហាញនិងផ្តល់អនុសាសន៍ល្អៗ ដែលនាំសាកលវិទ្យាល័យឲ្យទទួលបានជោគជ័យដូចពេលបច្ចុប្បន្ន។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិក និស្សិត ដៃគូអភិវឌ្ឍន៍របស់ស.វ.ស ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ស.វ.ស ឆ្នាំ២០១៤-២០១៨ កន្លងមក។

អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃស.វ.សទាំងអស់។ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៦សំខាន់ៗ សម្រាប់ស.វ.ស ដើម្បីជាកាតាលីករបន្ថែមទៀតឲ្យស.វ.សនៅតែជាសាកលវិទ្យាល័យឈានមុខគេមួយក្នុងថ្នាក់ជាតិ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងឈានទៅរកឧត្តមភាពលើការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ដែលបានចូលរួមជាមួយស.វ.ស ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល និង ថ្លែងអំណរគុណផងដែរដល់អង្គការ Freds Hollows និង Eye Care Foundation ដែលបានជួយឧបត្ថម្ភការរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

គួរជម្រាបថា នេះជាដំណាក់កាលទី៣ហើយដែលស.វ.សបានរៀបចំផែនការយុទ្ធសាស្រ្ត ក្រោយពីបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅឆ្នាំ២០០១។ សិក្ខាសាលា ក្នុងរយៈពេល ០២ ថ្ងៃនេះ គឺដើម្បីប្រមូលធាតុចូលផ្សេងៗ ក្នុងការពិនិត្យឡើងវិញនូវចក្ខុវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត យុទ្ធសាស្រ្តដែលនឹងត្រូវអនុវត្ត សម្រាប់រយៈពេល ០៥ឆ្នាំខាងមុខ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣៕

Posted on: 06/27/2019 3:45:47 PM