កម្មវិធីសប្បុរសធម៌សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ឆ្នាំ២០១៩ ក្រោមប្រធានបទ​ “យុវជន ការចែករំលែក និងស្នាម  ញញឹម” 

By: Media | Posted on: 05/31/2019 8:10:16 AM

(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំកម្មវិធីសប្បុរសធម៌សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ឆ្នាំ២០១៩ ក្រោមប្រធានបទ​ “យុវជន ការចែករំលែក និងស្នាម  ញញឹម” ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​​​​ក្រសួងសុខាភិបាល។ ក្នុងពិធីនេះផងដែរ ក៏មាននូវការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាភិបាលស.វ.ស តំណាងសមាគមជាតិ​កាកបាទក្រហមកម្ពុជា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងអ្នកឧបត្ថម្ភកម្មវិធី ដៃគូនានា ថ្នាក់ដឹកនាំ  មន្រ្តីរាជការ បុគ្គលិកនិងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបចំនួនប្រហែល ១០០០ នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ  សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្តែងនូវគារវកិច្ច និង ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណ:អធិបតី។ ឯកឧត្តមសាកលវិទ្យាធិការ បានជម្រាបពីលទ្ធផលនៃកម្មវិធីសប្បុរសធម៌ដែលបានរៀបចំកន្លងមក ដោយសាកលវិទ្យាល័យបានជួយបង់ថ្លៃសិក្សានិស្សិតក្រីក្រ បានចំនួន ២៨ នាក់ ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ជា នូវថវិកាមួយចំនួន និងជួយកុមារ​ក្រីក្រ​មួយចំនួននៅស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ជាសម្ភារៈសិក្សា។ បន្ថែមពីនោះ ឯកឧត្តមសាកលវិទ្យាធិការ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង   ដែលតែងតែងផ្តល់ថវិកាផ្ទាល់ខ្លួនឧបត្ថម្ភក្នុងកម្មវិធីសប្បុរសធម៌នាពេលកន្លងមក ក៏ដូចជាថ្លែងអំណរគុណចំពោះសមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជន​  សម្តេចតេជោ សមាគមជាតិកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកឧបត្ថម្ភកម្មវិធី សប្បុរសជន ដៃគូនានា ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា ជាពិសេសសមាគមនិស្សិត និងប្អូនៗនិស្សិត ដែលបានជួយជ្រោមជ្រែង គាំទ្រកម្មវិធីសប្បុរសធម៌​​​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលស.វ.ស បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការងាររៀបចំកម្មវិធីមនុស្សធម៌នេះឡើង ដោយឯកឧត្តមមានប្រសាសន៍ថា កម្មវិធី​ដ៏ថ្លៃថ្លា​នេះ​​​ពិតជានាំមកនូវផលប្រយោជន៍ជាច្រើនដល់យុវជន និងសង្គមជាតិ ដែលជាពិសេសគឺ ១)ជួយសម្រាលបន្ទុក​មួយចំណែកដល់រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសង្គមយើង តាមរយៈការជួយដោះស្រាយបន្ទុក​គ្រួសាររបស់​និស្សិតក្រីក្រ​នៅស.វ.ស ២)ជួយដល់និស្សិតក្រីក្រស..សបន្តការសិក្សាទៅមុខទៀត​​កុំឲ្យបោះបង់​​ចោល​ការសិក្សា​ដោយបញ្ហាថវិកា     ៣)ផ្តល់ឱកាសដល់សមាគមនិស្សិតនិងនិស្សិត.. ចូលរួមបំផុស​លើកទឹក​ចិត្ត “​វប្បធម៌ចែក​រំលែកដល់និស្សិតនិងសង្គមជាតិយើង

 ឯកឧត្តមសាស្រ្តាចារ្យ  បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការលើកស្ទួយការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលបានផ្តល់        អាហារូបករណ៍ប្រមាណពី៦០០ ទៅ៧០០ នាក់ ពោលគឺ១០% នៃនិស្សិតចូលរៀននៅស.វ.ស។ លើសពីនេះ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង  សម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់នូវក្តីសណ្តោសជួយជាអាហារូបករណ៍ដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបច្ចុប្បន្នបាន០៥ ជំនាន់ហើយ និងមានចំនួនសរុប ១៥៤ នាក់។

គួរជម្រាបថា នេះជាលើកទី៥ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។ កម្មវិធីសប្បុរសធម៌នាឆ្នាំនេះ ប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានសកម្មភាពនានាដូចជាការតាំងពិពណ៌ផលិតផល ការលក់ដូរវត្ថុអនុស្សាវរីយ៍/អាហារ ការលេងល្បែងប្រជាប្រិយ ការសម្តែងល្ខោនអប់រំខ្លី ដែលជាស្នាដៃលេខ១ ប្រកួតមហោស្រព  យុវជនទូទាំងប្រទេសឆ្នាំ២០១៩ របស់ក្រុមសិល្បៈនិស្សិតស.វ.ស ការសម្តែងសិល្បៈរបស់ក្រុមសិល្បករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា ការសម្តែងល្ខោនខោល ល្បុកតោ និងការរាំកំសាន្តជាដើម។