សាកលវិទ្យាល័យ Philippines Manila ចុះអនុស្សារណៈយោគយល់គ្នាជាមួយ ស.វ.ស

រសៀលថ្ងៃអង្គារ ១១រោជ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ មេសា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំនូវពិធីអនុស្សារណៈយោគយល់គ្នារវាង ស.វ.ស និងសាកលវិទ្យាល័យ Philippines Manila។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមវត្តមានលោកស្រីសាស្រ្តាចារ្យ Sheila R. Bonito, DrPH, RN, Dean, UP College of Nursing Head, World Health Organization Collaborating Center for Leadership in Nursing Development, University of Philippines Manila និង ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស។

ក្នុងពិធីនេះផងដែរ ក៏មាននូវការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទាក់ទងនឹងកម្មវិធីការបណ្តុះបណ្តាលផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ស្តីពីការថែទាំផងដែរ។

ខ្លឹមសារសំខាន់នៃអនុស្សារណ:នេះផ្តោតទៅលើការពង្រឹងទំនាក់ទំនងផ្ទាល់រវាងអន្តរស្ថាប័នទាំងពីរលើកិច្ចការស្រាវជ្រាវ ការអប់រំ និងកិច្ចសហប្រតិបត្តិការផ្សេងៗ តាមរយ:ការរៀបចំសិក្ខាសាលា វគ្គណ្តុះបណ្តាល សន្និសីទ ការទទួលអ្នកសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការលើកកម្ពស់កម្មវិធីសិក្សារបស់និស្សិតតាមរយៈការស្រាវជ្រាវផ្សេងៗ។

នេះគឺជាចំណែកដ៏សំខាន់មួយទៀតក្នុងការរួមគ្នាលើវិស័យសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលផ្ទាល់នៅកម្ពុជា។

Posted on: 05/02/2019 8:45:13 AM