ស.វ.ស រៀបចំកិច្ចប្រជុំពី “ការឆ្លើយតបរួមគ្នាក្នុងអន្តរាគមន៍នៃមេរោគអេដស៍/ជម្ងឺអេដស៍ និងគ្រឿងញៀន

By: Media | Posted on: 04/12/2019 2:23:22 PM

(ភ្នំពេញ)៖ ថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” បានរៀបចំកិច្ចប្រជុំស្តីពី “ការឆ្លើយតបរួមគ្នាក្នុងអន្តរាគមន៍នៃមេរោគអេដស៍/ជម្ងឺអេដស៍ និងគ្រឿងញៀន” ដែលប្រព្រឹត្រ្តទៅនាទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយមានវត្តមានអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី សាស្រ្តាចារ្យ អញ្ចើញមកពីក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ស្ថាប័នជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ប្រមាណ២០រូប។

កិច្ចប្រជុំនេះទទួលបាននូវកិត្តិយសដោយមានវត្តមានជាគណៈអធិបតីពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និងឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ចើញចូលរួមក្នុងកម្មវិធីនាព្រឹកនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបជូននូវគោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សារួមគ្នាស្វែងរកវិធីសាស្រ្តសមស្រប ដើម្បីរៀបចំការឆ្លើយតបរួមគ្នា និងស្វែងរកនូវធនធានផ្សេងៗ ក្នុងការអន្តរាគមន៍លើជម្ងឺអេដស៍ និងគ្រឿងញៀន នៅកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះដែលនឹងផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីរួមចំណែកបន្ថែមទៀតចំពោះបញ្ហាគ្រឿងញៀន។ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានលើកឡើងផងដែរពីទិដ្ឋភាពទូទៅនៃការវិវត្តបញ្ហាគ្រឿងញៀន និងការខិតខំប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

កិច្ចប្រជុំនេះអាចប្រព្រឹត្រ្តទៅបានដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ស.វ.ស, នាយកដ្ឋានផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ លើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ក្រោមការឧបត្តម្ភពី SEA HATTC, Chiang Mai university, SAMHSA & UCLA។