លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលទទួលបានអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

By: Media | Posted on: 04/05/2019 9:12:42 PM


រសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ១២១រូប ដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានសម្តែងនូវគារវកិច្ចគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជូនលោកជំទាវដែលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ។ ឯកឧត្តមបានរាយការណ៍ជាសង្ខេបជូនលោកជំទាវអំពីស្ថានភាពនិស្សិតដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅស.វ.ស។

មានមតិក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានសម្តែងនូវក្តីរីករាយដែលបានជួបប្អូនៗនិស្សិតអាហារូបករណ៏ទាំងអស់នាឱកាសនេះ។ លោកជំទាវបានលើកយកនូវសារបាននៃការកកើតអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នេះ។ ជាមួយគ្នានោះ លោកជំទាវបានចែករំលែកនូវបទពិសោធន៍សំខាន់ៗដែលលោកជំទាវផ្ទាល់បានឆ្លងកាត់ក្នុងការសិក្សាជូនដល់ប្អូនៗនិស្សិតដែលមានវត្តមានទាំងអស់។

លោកជំទាវបានផ្តល់នូវអនុសាសន៍ក្រើនរំព្ញកសូមអោយប្អូនៗនិស្សិតទាំងអស់ប្រកាន់ខ្ជាប់គុណធម៍ និងការទទួលខុសត្រូវ ឱ្យបានជាប់ជានិច្ចនៅពេលផ្តល់សេវាជូនអ្នកជម្ងឺនាថ្ងៃអនាគត។ បន្ថែមពីនោះ លោកជំទាវបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ទាំងអស់ក្នុងការចូល រួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ និងប្រើប្រាស់ចំណេះដឹងដើម្បីជួយពិនិត្យព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋ។

ក្នុងពិធីនោះ លោកជំទាវបណ្ឌិត បាននាំយកនូវថវិការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្អូនៗនិស្សិតអាហារូបករណ៍ដែលបានចូលរួមទាំងអស់ផងដែរ។