ស.វ.ស រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

By: Media | Posted on: 04/04/2019 9:50:07 AM

ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានប្រព្រឹត្រ្តទៅនៅទីតាំងទី១ នៃ​ស.វ.ស នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ​ស.វ.ស សាកលវិទ្យាធិការរង ព្រមជាមួយព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ស.វ.ស យ៉ាងច្រើនកុះករ។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតក៏បានប្រគេនបច្ច័យនិងទេយ្យវត្ថុចំពោះព្រះសង្ឃ និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិដើម្បីបណ្តេញឩបទ្រពចង្រៃឆ្នាំចាស់ និងទទួលយកអំណរពរជ័យសម្រាប់ឆ្នាំថ្មី។