ថ្នាក់ដឹកនាំស.វ.ស អញ្ចើញជួបសំណេះសំណាលជាមួយនិស្សិតស.វ.ស ម្ចាស់មេដាយមាស និងក្រុមសិល្បៈនិស្សិតស.វ.សទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតមហោស្រពយុវជនទូទាំងប្រទេសឆ្នាំ២០១៩

សៀលថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅទីតាំងទី១ នៃស.វ.ស មានរៀបចំពិធីសំណេះសំណាល​រវាង​ថ្នាក់ដឹកនាំស.វ.ស និង​និស្សិតស.វ.សដែលបានទទួលមេដាយមាសក្នុងការប្រកួតដេញដោលមតិស្តីពីបរិស្ថានឆ្នាំ២០១៧, ឆ្នាំ២០១៨ ព្រមទាំង​ក្រុមសិល្បៈនិស្សិតស.វ.សទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតមហោស្រពយុវជនទូទាំងប្រទេសឆ្នាំ២០១៩។

ពិធីនេះទទួលបាននូវកិត្តិយសដោយមានការអញ្ចើញជាអធិបតីភាពពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ​ស.វ.ស លោកសាកលវិទ្យាធិការរង ព្រមជាមួយលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក និងវត្តមាននិស្សិតជ័យលាភីប្រមាណ៣០រូប។

ក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានផ្តល់ឱកាសឱ្យតំណាងក្រុមនីមួយៗលើកឡើងពីកត្តាជាគន្លឹះដែលធ្វើឱ្យក្រុមទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ជូនសាកលវិទ្យាល័យនេះ។

អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណជាពន្លឹកចំពោះស្មារតី និងការរួមគ្នាជាធ្លុងមួយរបស់បេក្ខជន/បេក្ខនារីទាំងអស់ ក្នុងការដណ្តើមយកនូវជ័យលាភីជូនសាកលវិទ្យាល័យ។

ឯកឧត្តមបានឆ្លៀតថ្លែងអំណរគុណផងដែរចំពោះក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងសូមអរគុណចំពោះអ្នកគ្រូដឹកនាំ​ក្រុមសិល្បៈនិស្សិតស.វ.ស រហូតទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតមហោស្រពយុវជនទូទាំងប្រទេសឆ្នាំ២០១៩។

ឯកឧត្តមសាកលវិទ្យាធិការបានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជូនចំពោះនិស្សិតជ័យលាភីទាំងអស់ផងដែរ។

Posted on: 04/04/2019 9:46:49 AM