និស្សិតជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា ស.វ.ស បញ្ចប់ការសិក្សាដោយជោគជ័យ

By: Media | Posted on: 03/15/2019 3:27:23 PM


(ភ្នំពេញ)៖ នាព្រឹកថ្ងៃ សុក្រ ១០កើត ខែផល្កុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៩ នៅទីតាំងទី២ ស.វ.ស បានរៀបចំ “ពិធីបញ្ចប់ការសិក្សា របស់និស្សិតថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររង ជំនាន់ទី១ នៃស.វ.ស និងពិធីបញ្ចប់គម្រោងមូលនិធិអន្តរជាតិសឹង្ហបុរី លើកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រព្យាបាលដោយចលនាបន្តពីបរិញ្ញាបត្ររង” ដល់និស្សិតជ័យលាភី។

ពិធីនេះទទួលបាននូវកិត្តិយសដោយមានការអញ្ចើញចូលរួមជាគណ:អធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស, លោក JaryII Chan, Division director, Singapore International Foundation។ ជាមួយគ្នានោះក៏មាននូវវត្តមានអញ្ចើញចូលរួមពីសំនាក់លោកសាស្រ្តាចារ្យ Chua Yeow Leng, លោកស្រីសាស្រ្តាចារ្យ Celia Tan ប្រធានក្រុម Allied health, SingHealth, សមាគមអ្នកព្យាបាលដោយចលនាកម្ពុជា, ដៃគូរជាតិ-អន្តរជាតិ, លោកនាយក លោកព្រឹទ្ធបុរស លោកនាយករង មន្រ្តីរាជការ បុគ្គលិក និងនិស្សិតជ័យលាភីយ៉ាងច្រើនកុះករ។

លោកសាស្រ្តាចារ្យជំនួយ តាន់ ងី បានអាននូវសុន្ទរកថាស្វាគមន៏ និងរបាយការណ៏សង្ខេបជូនចំពោះគណ:អធិបតី និងអង្គពិធីទាំងមូល។
លោក JaryII Chan បានលើកឡើងពីការចូលរួមរបស់អ្នកស្ម័គ្រចិត្ដជំនាញថែទាំសុខភាពរយៈពេលប្រាំឆ្នាំ រវាងមូលនិធិសិង្ហបុរីអន្តរជាតិ (SIF), សេវាសុខភាពសិង្ហបុរី (SingHealth) និងស.វ.ស ដែលបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់មនុស្សនេះ។

បន្ទាប់ពីនោះ តំណាងនិស្សិតជំនាន់ទី១ បានសម្តែងនូវចំណាប់អារម្មណ៏រីករាយជាពន្លឹក និងបង្ហាញពីចំណេះដឹងដែលទទួលបានទាក់ទងនឹងការព្យាបាលអ្នកជម្ងឺ ការសិក្សា និងកិច្ចស្រាវជ្រាវផ្សេងៗ ដែលមានក្នុងការសិក្សា។

អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារបច្ចេកទេសរបស់ ស.ប.ថ.វ នៃស.វ.ស ដែលបានខិតខំរៀបចំជាមួយនឹងដៃគូរជាតិ អន្តរជាតិទាំងអស់។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវមោទនភាព និងស្ងើចសរសើរចំពោះជ័យលាភីទាំងអស់ដែលបានតាំងចិត្តខិតខំរៀនសូត្រក្នុងរយ:ពេលនៃការបណ្តុះបណ្តាលរហូតដល់ចប់ជាស្ថាពរ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា នេះគឺជាស្ពានចម្លងក្នុងការពង្រឹកនូវគុណតម្លៃវិជ្ជាជីវ: ដែលតម្លៃពិតគឺជាភាពប្រកបវិជ្ជាជីវ:របស់ជ័យលាភីទាំងអស់ តាមរយ:ការទទួលខុសត្រូវលើវិជ្ជាជីវ:របស់ខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យ សាកលវិទ្យាធិការ បានថ្លែងអំណរគុណជូនអង្គការ Singapore International Foundation, SingHealth, អង្គការ ICRC, អង្គការ មន្ទីរពេទ្យបង្អែក មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យ ស្ថាប័នជាតិ និងអន្តរជាតិទាំងអស់។

ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ ក៏មាននូវការប្រគល់វត្ថុអនុស្សាវរីយ៏ជូនដៃគូសហប្រតិបត្តិការ, ពិធីប្រគល់វិញ្ញាបនបត្រដល់និស្សិតជ័យលាភីជំនាន់ទី១ និងប្រគល់លិខិតសរសើរដល់គ្រូឧទ្ទេសនាមចំនួន ១៧រូបផងដែរ។

គួររំព្ញកឡើងវិញថា ពិធីប្រកាសដាក់ឲ្យដំណើរការ "កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បន្តពីថ្នាក់បរិញ្ញាបត្ររង”បានរៀបចំឡើង ក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម MICHAEL TAN ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបូរីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ នៅទីតាំងទី២ នៃ"ស.វ.ស"។ មូលនិធិអន្តរជាតិសឹង្ហបូរី, សេវាសុខភាពសិង្ហបុរី, អង្គការ ICRC, សមាគមព្យាបាលដោយចលនាកម្ពុជា ក្រោមកិច្ចសហការពីសំណាក់យ៉ាងល្អពីសំណាក់ ស.វ.ស បានរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំកម្មវិធីសិក្សាបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បន្តពីថ្នាក់បរិញ្ញាបត្ររង ឲ្យចេញរូបរាងឡើងនេះ។