អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ ចូលរួមកិច្ចប្រជុំពី “ការឆ្លើយតបរួមគ្នាក្នុងអន្តរាគមន៍នៃមេរោគអេដស៍/ជម្ងឺអេដស៍ និងគ្រឿងញៀន”

By: Media | Posted on: 03/04/2019 1:49:51 PM


(ភ្នំពេញ)៖ ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកិច្ចប្រជុំស្តីពី “ការឆ្លើយតបរួមគ្នាក្នុងអន្តរាគមន៍នៃមេរោគអេដស៍/ជម្ងឺអេដស៍ និងគ្រឿងញៀន”  ដែលប្រព្រឹត្រ្តទៅនាទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយមានវត្តមានអញ្ចើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ឯកឧត្តម-លោកជំទាវ លោក-លោកស្រី សាស្រ្តាចារ្យ ជាអាជ្ញាធរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរសុខាភិបាល ស្ថាប័នជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ប្រមាណ៤០រូប។

កិច្ចប្រជុំនេះទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយមានវត្តមានជាគណៈអធិបតីពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ម៊ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃស.វ.ស។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ចើញចូលរួមក្នុងកម្មវិធីនាព្រឹកនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបជូននូវគោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាស្វែងរកវិធីសាស្រ្តសមស្រប ដើម្បីរៀបចំការឆ្លើយតបរួមគ្នា ក្នុងការអន្តរាគមន៍លើជម្ងឺអេដស៍ និងគ្រឿងញៀន នៅកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះដែលនឹងផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីរួមចំណែកបន្ថែមទៀតចំពោះបញ្ហាគ្រឿងញៀន។

ឯកឧត្តមសាស្រ្តាចារ្យ ម៊ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃស.វ.ស បានលើកឡើងថា ដើម្បីឆ្លើយតបនឹងមហន្តរាយនៃការរាតត្បាតនៃមេរោគអេដស៍ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានធ្វើសកម្មភាពដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគអេដស៍ រហូតទទួលបាននូវជោគជ័យ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដ៏ឆ្នើម ក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ជាគន្លឹះ៣ចំនុច ដែលក្នុងនោះ ចំនុចទី២ គឺណែនាំឱ្យ ស.វ.ស ត្រូវខិតខំដាក់បញ្ចូលអន្តរាគន៍សម្រាប់មេរោគអេដស៍/ជម្ងឺអេដស៍ និងគ្រឿងញៀនទៅក្នុងកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្រ្តគ្រប់កម្រិត។

គួរជម្រាបថា កិច្ចប្រជុំនេះផងដែរ ក៏នឹងពិភាក្សាផងដែរពីតួនាទីរបស់ ស.វ.ស ក្នុងការចូលរួមការរៀបចំវគ្គបណ្តុះបណ្តាលបន្តមួយប្រកបដោយប្រសិទ្ធភាពជូនដល់មន្រ្តី និងបុគ្គលិក ដែលកំពុងផ្តល់សេវាថែទាំជម្ងឺអេដស៍ នៅតាមបណ្តាមូលដ្ឋានសុខាភិបាល នានានៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះអាចប្រព្រឹត្រ្តទៅបានដោយមានកិច្ចសហការយ៉ាងល្អ និងមោះមុតពីសំណាក់អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ស.វ.ស, នាយកដ្ឋានផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ លើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ក្រោមការឧបត្តម្ភពី SEA HATTC, Chiang Mai university, SAMHSA & UCLA។