អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទវិទ្យាសាស្រ្តស.វ.ស លើកទី២

បន្ទាប់ពីដំណើរការទៅយ៉ាងរលូន និងជោគជ័យ សន្និសីទវិទ្យាសាស្រ្តស.វ.ស លើកទី២ បានរៀបចំពិធីបិទនារសៀលនេះ ដោយមានវត្តមានអញ្ចើញជាអធីបតីភាពពីសំណាក់ឯកឧត្ដមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាអមក្រសួងសុខាភិបាល ទទួលបន្ទុកស.វ.ស និងវត្តមានអញ្ចើញចូលរួមថ្នាក់ដឹកនាំ ស.វ.ស មន្រ្តីរាជការ បុគ្គលិក  សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ និងនិស្សិតស.វ.ស ។

ក្នុងសន្និសីទវិទ្យាសាស្រ្តដែលដំណើរការ២ថ្ងៃពេញនេះ មានបទបង្ហាញជាផ្ទាំងបង្ហាញ (Poster) ចំនួន ២៧ ប្រធានបទ បង្ហាញដោយដោយនិស្សិតចំនួន ២៧ ក្រុមនិស្សិត។ បន្ថែមពីនោះ គឺមានបទបង្ហាញផ្ទាល់មាត់ (Oral presentation) ចំនួន ៣៥ ប្រធានបទ ដោយបែងចែកជាប្រធានបទពិភាក្សា (Themes) ចំនួន ៧ ប្រធានបទពិភាក្សា ដូចជា ១) ជម្ងឺឆ្លង ២) គ្លីនីក ៣) គុណភាពនៃការថែទាំសុខភាព ៤) ការបង្រៀន និងការរៀន ៥) ភាពស៊ាំនឹងថ្នាំផ្សះ ៦) ជម្ងឺមិនឆ្លង និង ៧) រុក្ខជាតិឱសថ និងផលិតផលសុខាភិបាល។ លើសពីនេះ  យើងមានបទបង្ហាញជាផ្ទាំងរូបភាព (Poster Presentations) ចំនួន ២៧ ប្រធានបទ និងស្តង់តាំងបង្ហាញផលិតផលផ្សេងៗចំនួន ១២ ស្តង់។

សន្និសីទវិទ្យាសាស្រ្តសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើកទី២ នេះ បានផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ និងនិស្សិតស.វ.ស ផ្សព្វផ្សាយលទ្ធផលនៃគម្រោងសិក្សាស្រាវជ្រាវទាំងឡាយ ដែលបាន និងកំពុងអនុវត្តនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងបង្កើតជាវេទិកាពិភាក្សាដើម្បីបង្កើន សក្តានុពលនិងឱកាសសម្រាប់សហការជាមួយដៃគូក្នុងការរៀបចំគម្រោងសិក្សាស្រាវជ្រាវ នាពេលអនាគត ស.វ.ស។ 

ដើម្បីជម្រុញកិត្យានុភាពស.វ.ស ឈានទៅរកការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ សាកលវិទ្យាល័យ បានជំរុញ និងលើកទឹកចិត្តដល់សាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និងនិស្សិត  ស.វ.ស ឲ្យធ្វើការងារស្រាវជ្រាវ។ បច្ចុប្បន្នសាកលវិទ្យាល័យ បានអនុវត្តគម្រោងស្រាវជ្រាវចន្លោះពី១២ ដល់១៤ គម្រោង ក្នុងមួយឆ្នាំៗ ដែលគម្រោងស្រាវជ្រាវទាំងនេះ ទទួលបានការឧបត្ថម្ភថវិកាពីកម្មវិធីឧបត្ថម្ភគម្រោងស្រាវជ្រាវ ឬដៃគូអភិវឌ្ឍនានា និងបានផ្សព្វផ្សាយអត្ថបទវិទ្យាសាស្រ្តប្រហែល ១០ អត្ថបទ ក្នុងនិទានុប្បវត្តិវិទ្យាសាស្រ្តអន្តរជាតិ។

Posted on: 03/01/2019 9:03:45 AM