រដ្ឋលេខាធិការក្រសួងសុខាភិបាល កោតសរសើរ ស.វ.ស ក្នុងការរៀបចំសន្និសីទវិទ្យាសាស្រ្តលើកទី២ ដើម្បីផ្សព្វផ្សាយលទ្ធផលនៃគម្រោងសិក្សាស្រាវជ្រាវ

By: Media | Posted on: 02/27/2019 1:11:28 PM

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់វិស័យសុខាភិបាល  សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ មន្រ្តីរាជការ បុគ្គលិកនិងនិស្សិតស.វ.ស សរុបប្រមាណជិត៣០០នាក់ បានអញ្ជើញចូលរួមក្នុងសន្និសីទវិទ្យាសាស្រ្តសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” លើកទី២ នាថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីតាំងទី១ នៃស.វ.ស។

ឯកឧត្តមសាស្រ្តាចារ្យ អេងហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសន្និសីទវិទ្យាសាស្រ្តនេះ។ 
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.សបានសម្តែងគារវកិច្ចគោរព និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈអធីបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកចូលរួមទាំងអស់។ ឯកឧត្តមសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេបអំពីគោលបំណងសំខាន់ៗនៃការរៀបចំសន្និសីទវិទ្យាសាស្រ្ត ស.វ.ស ដែលផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ និងនិស្សិតស.វ.ស ផ្សព្វផ្សាយលទ្ធផលនៃគម្រោងសិក្សាស្រាវជ្រាវទាំងឡាយ ដែលបាន និងកំពុងអនុវត្តនៅ ស.វ.ស ព្រមទាំងបង្កើតជាវេទិកាពិភាក្សាដើម្បីបង្កើន សក្តានុពលនិងឱកាសសម្រាប់សហការជាមួយដៃគូក្នុងការរៀបចំគម្រោងសិក្សាស្រាវជ្រាវ នាពេលអនាគត។ 

អញ្ចើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ អេងហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានរៀបចំសន្និសីទនេះឡើង។ ឯកឧត្តមសាស្រ្តាចារ្យបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ជាពិសេសការ         កសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យសូមលើកទឹកចិត្ត ដល់ស.វ.ស ខិតខំពង្រឹងការងារស្រាវជ្រាវ បន្ថែមទៀត ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល នៅស.វ.សផង ក៏ដូចជាបង្កើនកិត្យានុភាពសាកលវិទ្យាល័យ នៅលើឆាកជាតិ និងអន្តរជាតិផងដែរ។

គួរជម្រាបថា សម្រាប់សន្និសីទវិទ្យាសាស្រ្តសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលលើកទី២នេះ នឹងមានបទបង្ហាញផ្ទាល់មាត់ (Oral presentation) ចំនួន ៣៥ ប្រធានបទ ដោយបែងចែកជាប្រធានបទពិភាក្សា (Themes) ចំនួន ៧ ប្រធានបទពិភាក្សា ដូចជា ១) ជម្ងឺឆ្លង ២) គ្លីនីក ៣) គុណភាពនៃការថែទាំសុខភាព ៤) ការបង្រៀន និងការរៀន ៥) ភាពស៊ាំនឹងថ្នាំផ្សះ ៦) ជម្ងឺមិនឆ្លង និង ៧) រុក្ខជាតិឱសថ និងផលិតផលសុខាភិបាល។ លើសពីនេះ  យើងមានបទបង្ហាញជាផ្ទាំងរូបភាព (Poster Presentations) ចំនួន ២៧ ប្រធានបទ និងស្តង់តាំងបង្ហាញផលិតផលផ្សេងៗចំនួន ១២ ស្តង់។