"ស.វ.ស" ផ្សព្វផ្សាយទស្សនកិច្ចសិក្សា និង ការប្រឡងអាហារូបករណ៍ទៅសិក្សានៅជប៉ុន

និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្រ្តប្រមាណជិត៣០០នាក់ បានទទួលឱកាសចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលទស្សនកិច្ចសិក្សា និង ការប្រឡងអាហារូបករណ៍ទៅសិក្សានៅ International University of Health and Welfare (IUHW) នៃប្រទេសជប៉ុន ដែលប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ នេះ នៅសាលគោកធ្លក ទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ថ្នាក់ដឹកនាំ ស.វ.ស ដែលអញ្ជើញជាអធិបតីភាពក្នុងឱកាសនោះរួមមាន ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃស.វ.ស លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយករង មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស និង ការអញ្ជើញចូលរួមពីមន្រ្តីរាជការ បុគ្គលិក មហាវិទ្យាល័យវេជ្ជសាស្រ្ត។
មានមតិក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការ បានលើកឡើងពីសារបានដែលឈានដល់កិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង International University of Health and Welfare នៃប្រទេសជប៉ុន ដែលបានមកពីការជួយផ្សារភ្ជាប់ទំនាក់ទំនងរបស់អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និង តាមការចង្អុលបង្ហាញយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបជំរុញអោយមានកិច្ចសហការតាមរយ:អនុស្សារណ:យោគយល់គ្នាររវាង ស.វ.ស និង IUHW ប្រទេសជប៉ុន ដែលបានផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងទៅសិក្សា ក៏ដូចជាទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នៅ IUHW ប្រទេសជប៉ុននេះ។ ឯកឧត្តមសាកលវិទ្យាធិការ បានផ្តាំផ្ញើដល់ប្អូនៗនិស្សិតដែលចូលរួមក្នុងថ្ងៃនេះ ត្រូវស្វែងយល់ជាមុន និង ត្រូវត្រៀមខ្លួនដើម្បីប្រឡងប្រជែងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ។
ក្នុងពីធីនេះ មានការធ្វើបទបង្ហាញរបស់ និស្សិតឆ្នើមទាំង៤រូប (និស្សិត សុក បញ្ញា និស្សិត តែ សូដាលីន និស្សិត ជូ ចំណាន និង និស្សិត វណ្ណា ចិត្រា) ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍របស់និស្សិត (Sakura Exchange Program in Science) ផ្តោតលើវិស័យវេជ្ជសាស្រ្ត និង សេវាសុខាភិបាល លើការប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗ និង ការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងនិស្សិតអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ នៅប្រទេសជប៉ុន កាលពីថ្ងៃទី ២២ ខែកុម្ភ: ដល់ថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៧។ បន្ថែមពីនោះ ក៏មាននូវការផ្សព្វផ្សាយฺនូវព័ត៌មានស្តីពីការប្រឡងអាហារូបករណ៍ទៅសិក្សានៅ IUHW នៃប្រទេសជប៉ុន ដើម្បីឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្រ្តទាំងអស់បានស្វែងយល់ជាមុន។

Posted on: 03/14/2017 3:39:28 PM