ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្រោមប្រធានបទ “និស្សិត "ស.វ.ស" ដើម្បីកុមារ និងសហគមន៍

ក្នុងទិវាអំណានជាតិ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" ដោយសហការជាមួយកាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង ការចូលរួមពីសមាគមនិស្សិតស.វ.សទាំង៤ រួមនឹងនិស្សិតស.វ.ស សរុបចំនួន៨៨៤នាក់ បានរៀបចំកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្រោមប្រធានបទ “និស្សិតស.វ.សដើម្បីកុមារ និងសហគមន៍៖ សៀវភៅមួយ ក្តីសង្ឃឹមមួយ”នៅសាលាបឋមសិក្សាស្វាយ មានទីតាំងនៅភូមិស្វាយ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

កម្មវិធីនេះដឹកនាំដោយលោកសាស្រ្តាចារ្យ អៀម សុផល នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃស.វ.ស តំណាងឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ និង មានវត្តមានលោកស្រីនាយិការសាខាកាកបាទក្រហមខេត្តព្រៃវែង លោកអភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងលោកមេឃុំព្រៃស្រឡិតផងដែរ និងមានការចូលរួមពីសិស្សសាលាបឋមសិក្សាស្វាយចំនួន៥២៣ នាក់។
កម្មវិធីរយៈពេលមួយថ្ងៃនេះ បានចូលរួមលើកកម្ពស់វប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក លើកកម្ពស់អំណានដល់កុមារ និងសហគមន៍តាមរយៈការផ្តល់សៀវភៅអប់រំ សម្ភារៈសិក្សា និងការអានសៀវភៅឲ្យកុមារស្តាប់។ បន្ថែមពីនោះទៀតសោត ក៏បានចូលរួមលើកកម្ពស់ការថែរក្សាសុខភាពដល់កុមារ និងសហគមន៍តាមរយៈការថែទាំ ការអនាម័យសុខភាព និង ការប្រើប្រាស់ឱសថផងដែរ។ ជាមួយគ្នានោះ ក៏មានការអប់រំដល់កុមារលើថែរក្សា ការពារបរិស្ថាន និង មាននូវសកម្មភាពដាំកូនឈើចំនួន៣០ ដើមដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា។
ក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍នៅសាលាបឋមសិក្សាស្វាយនេះ មានការប្រគល់ជូនថវិកា ១.២៣១.០០០ រៀលដល់សាលាបឋមសិក្សាស្វាយដើម្បីអភិវឌ្ឍន៍សាលា។ បន្ថែមពីនោះ ក៏មានការប្រគល់ថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ដោយម្នាក់ៗទទួលនូវថវិកា ២០.០០០ រៀល។ ជូនសិស្សសាលាបឋមសិក្សាស្វាយចំនួន៥២៣ នាក់ដោយម្នាក់ៗទទួលបានកញ្ចប់សម្ភារៈសិក្សាដែលមានតម្លៃ១ ម៉ឺនរៀល (សៀវភៅមួយក្បាល, ខ្មៅដៃមួយដើម, ប្រដាប់ខួងខ្មៅដៃមួយ, ប៊ិចមួយដើម, ជ័រលុបមួយ, បន្ទាត់មួយ, ប្រអប់ប្លាស្ទិកមួយ), ថ្នាំដុសធ្មេញមួយ, ច្រាសដុសធ្មេញមួយ និងអាហារមួយកញ្ចប់ (ប័រហ្គ័រមួយ, នំប៉័ងមួយ, ទឹកសណ្តែកមួយកំប៉ុង)។ ផ្តល់សម្ភារៈសិក្សាជូនដល់បណ្ណាល័យដែលមាន ប៊ិចចំនួន៤ ប្រអប់, សៀវភៅសរសេរចំនួន២២២ ក្បាល, ខ្មៅដៃចំនួន១៨១ ដើម, ប្រដាប់ខួងខ្មៅដៃចំនួន១០៧ សម្រាប់, សៀវភៅរឿងកុមារចំនួន១៨២ ក្បាល, ល្បែងអានកុមារចំនួន២ សម្រាប់, បន្ទាត់ធំចំនួន១, កូល័រផាត់ចំនួន១២ ប្រអប់, ក្រដាសពណ៌១ ដុំ, ក្រដាសស១ ដុំ, ប្រដាប់កឹប២ និងគ្រាប់កឹប៨ ប្រអប់, កន្ត្រៃចំនួន២។ ក្នុងនោះផងដែរ ក៏មានការប្រគេនបច្ច័យកសាងវត្តស្វាយចំនួន $៣០ និង ៨០.០០០ រៀល។

Posted on: 03/13/2017 2:21:14 PM