និស្សិតឆ្នើម៤រូប មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានទទួលនូវការអនុញ្ញាតអោយជួបសម្តែងការគួរសម និង ទទួលមតិផ្តាំផ្ញើ មុនដំណើរទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍របស់និស្សិត (Sakura Exchange Program in Science) នៅប្រទេសជប៉ុន

និស្សិតឆ្នើម៤រូប មកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានទទួលនូវការអនុញ្ញាតអោយជួបសម្តែងការគួរសម និង ទទួលមតិផ្តាំផ្ញើ មុនដំណើរទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍របស់និស្សិត (Sakura Exchange Program in Science) នៅប្រទេសជប៉ុន។ ជំនួបនេះ បានធ្វើឡើងនារសៀលថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅសាលព្រះខ័ន្ឌ ទីតាំងទី១ នៃ ស.វ.ស។ ថ្នាក់ដឹកនាំ ស.វ.ស ដែលមានវត្តមានក្នុងឱកាសនោះរួមមាន ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាស្រ្តាចារ្យជំនួយ ប៊ុនចាន់ យុត្តិរ៉ុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត និង លោកស្រ្តីសាស្រ្្តាចារ្យជំនួយ អ៊ឹង វិបុល ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្រ្ត និង និស្សិតឆ្នើមទាំង៤រូបនេះរួមមាន និស្សិត សុក បញ្ញា និស្សិត តែ សុដាលីន និស្សិត ជូ ចំណាន និង និស្សិត វណ្ណា ចិត្រា។ ឯកឧត្តមសាកលវិទ្យាធិការ បានសម្តែងនូវការសរសើរចំពោះការខិតខំរៀនសូត្ររបស់និស្សិតទាំង៤រូប និង ជាប់ក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ។ ឯកឧត្តមបានផ្តាំផ្ញើអោយនិស្សិតទាំង៤រូប ត្រូវខិតខំស្រូបយកនូវចំណេះដឹងថ្មីៗ និង បទពិសោធន៍ផ្សេងៗ យកមកផ្សព្វផ្សាយដល់និស្សិត ស.វ.ស ជាពិសេសគឺនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅពេលដែលត្រលប់មកពីប្រទេសជប៉ុនវិញ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម បានរំព្ញកអោយនិស្សិតថែរក្សាសុខភាពក្នុងពេលទស្សនកិច្ចនេះ និង ធ្វើយ៉ាងណាបង្ហាញពីវប្បធម័ខ្មែរ (និយាយជារួម) និង អត្តសញ្ញាណ ស.វ.ស (និយាយដោយឡែក) ដើម្បីផ្សព្វផ្សាយដល់និស្សិតអន្តរជាតិផ្សេងៗទៀត ដែលបានចូលរួម។ ឯកឧត្តមសាកលវិទ្យាធិការ បានបញ្ជាក់ថាផងដែរថា តាមការចង្អុលបង្ហាញ និង ការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញអោយមានកិច្ចសហការតាមរយ:អនុស្សារណ:យោគយល់គ្នាររវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងទៅសិក្សា ក៏ដូចជាទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាក់ស្តែង គង់ បូរី គឺជានិស្សិត(ស.វ.ស) កម្ពុជាទី១ ដែលបានទទួលអាហារូបករណ៍ផ្តល់ដោយ IUHW នៃប្រទេសជប៉ុន នេះ។ គួរបញ្ជាក់ថា និស្សិតឆ្នើមទាំង៤រូបនេះនឹងត្រូវដឹកនាំដោយ លោកស្រ្តីសាស្រ្្តាចារ្យជំនួយ អ៊ឹង វិបុល ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្រ្ត ទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍របស់និស្សិត (Sakura Exchange Program in Science) នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២២ ខែកុម្ភ: ដល់ថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៧។ កម្មវិធីផ្លាស់ប្តូរបទពិសោធន៏នេះ ផ្តោតលើវិស័យវេជ្ជសាស្រ្ត និង សេវាសុខាភិបាល លើការប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗ និង ការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងនិស្សិតអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ។

Posted on: 02/21/2017 4:44:47 PM