ពិធីទទួលស្គាល់ការបញ្ចប់វគ្គសិក្សារបស់និស្សិត ថ្នាក់បន្ត បរិញ្ញាបត្ររងទៅបរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី២

នៅទីតាំងទី២ (សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ) នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"​ នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ មានរៀបចំពិធីទទួលស្គាល់ការបញ្ចប់វគ្គសិក្សារបស់និស្សិតថ្នាក់បន្តបរិញ្ញាបត្ររងទៅបរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី២ សរុប ៤៥រូប ដែលជាកម្មវិធីបណ្តុះបណ្តាលក្រោមកិច្ចសហប្រត្តិបត្តិការរវាង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយសាកលវិទ្យាល័យ EWHA នៃសាធារណ:រដ្ឋកូរ៉េ និងគាំទ្រសហឧបត្តម្ភដោយអង្គការ KOICA។
ពិធីនេះបានប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោក Jeong Yun Gil តំណាង KOICA ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីសាស្រ្តាចារ្យ Yang Sook Ja ព្រឹទ្ធបុរសមហាវិទ្យាល័យថែទាំ នៃសាកល វិទ្យាល័យ EWHA រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស សរុបប្រមាណជិត ២០០នាក់។
ថ្នាក់បន្តបរិញ្ញាបត្ររងទៅបរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី២ បានចាប់ផ្តើមកាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៥ ដែលមាននិស្សិតចំនួន ៤៥ នាក់ (និស្សិតស្រី ៧ នាក់ និង បុរស ៣៨នាក់) ក្នុងនោះដែលមាននិស្សិតចំនួន ៣១ នាក់ បានទទួលអាហាររូបករណ៍ពី KOICA និង ៥នាក់ពីរដ្ឋាភិបាលកម្ពុជា។ សាស្រ្តាចារ្យជនជាតិកូរ៉េ ដែលមកបង្រៀន នៅសាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាលមានចំនួន ២៤នាក់ ដោយមានការសហការជាមួយបណ្តាគ្រូ/សាស្ត្រាចារ្យ របស់សាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១២នាក់ ដើម្បីរួមចំណែកលើកកំពស់គុណភាព នៃការរៀន និងបង្រៀនអោយមានភាពកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា តាមរយៈគម្រោងជាមួយ EWHA នេះ មន្រ្តីស.វ.ស ចំនួនពីររូបក៏ត្រូវបានបញ្ជូនទៅបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណៈរដ្ឋកូរ៉េផងដែរ ព្រមទាំងបានបញ្ជូនគ្រូដឹកនាំមួយរូប និងនិស្សិតចំនួន ០៦ រូប ទៅទស្សនកិច្ចសិក្សានៅសាធារណៈរដ្ឋកូរ៉េ ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងចំណេៈដឹង ក៍ដូចជាលើកទឹកចិត្តដល់ដល់និស្សិតដែលមានសមត្ថភាពក្នុងការសិក្សា។

Posted on: 01/17/2017 2:50:17 PM