នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ មានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃលើកទី២ ឆ្នាំ២០១៦ ក្រោមប្រធានបទ "ការបរិច្ចាគឈាម គឺជាការចែករំលែកជីវិត"។

ពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិង​ ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាថ្នាក់ដឹកនាំអង្គភាព នានាក្រោមឱវាទក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក នាយករង របស់មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តវទនសាស្រ្ត និង សាលាថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស តំណាងអង្គការសុខភាពពិភពលោកទទួលបន្ទុកសុវត្ថិភាពឈាម ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស។
ពិធីបរិច្ចាគឈាមក្នុងថ្ងៃនេះត្រូវបានសហការរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាសាខាស.វ.ស មជ្ឈមណ្ឌលជាតិផ្តល់ឈាម និង ក្រុមហ៊ុន NVC ទឹកបរិសុទ្ធវីតាល់។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ស.វ.សទទួលបានសប្បុរសជនបរិច្ចាគឈាមចំនួន៥២២ នាក់ (ប្រុស២៨៤ នាក់ និងស្រ្តី២៣៨ នាក់)។ ដោយឡែក ការបរិច្ចាគឈាមក្នុងឆ្នាំ២០១៦ លើកទី១ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នៅទីតាំងទី១ ស.វ.សទទួលបានសប្បុរជនជានិស្សិត និងមន្រ្តីរាជការ បុគ្គលិកបានបរិច្ចាគឈាមរហូតដល់ ៤០៥ នាក់ (ស្រ្តី១៩៩ នាក់ ប្រុស២០៦នាក់)។

Posted on: 12/28/2016 11:06:52 PM