នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធឌីជីថល ថតដោយកាំរស្មីអិច និងកម្មវិធីគ្រប់គ្រងការសាយភាយវិទ្យុសកម្ម ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

កម្មវិធីនាព្រឹកនេះ បានទទួលនូវកិត្តិយសដ៏ឧត្តុង្តឧត្តមដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្ដម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង (H.E Dr. MAM Bunheng) រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mr. Yohei Nakajima លេខាទី២នៃ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួម ពីលោកតំណាងទីភ្នាក់ងារអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុន(JICA) ឯកឧត្តម លោក-លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ភ្ញៀវតិ្តយសជាតិ អន្តរជាតិ មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ចំនួន ៤០០នាក់។

ឯកឧត្ដមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស បានរាយការណ៍សង្ខេប ជម្រាបជូនគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អង្គពិធីទាំងមូល នូវប្រវត្តិសង្ខេប និងវឌ្ឍនភាពនៃកម្មវិធី បណ្តុះបណ្តាលស្តីពីបច្ចេកទេសវិទ្យុសាស្ត្រនៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្ដមសាកលវិទ្យាធិការក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែផ្តល់ការណែនាំប្រកបដោយគតិបណ្ឌិត ដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការបង្កើនគុណភាពនៃការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវសេចក្តីរីករាយ និង នាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក-លោកស្រី និង និស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធី ។ ឯកឧត្តមបានលើកឡើងថា “សម្តេចនាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការងារបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសគឺវិស័យសុខាភិបាល”។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរួមគ្នារវាង អង្គការ JICA និង ស.វ.ស ក្នុងការធានាឲ្យការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិវត្តឈានទៅរកឧត្តមភាព និងនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការបំពាក់ឧបករណ៍ទំនើបថតដោយកាំរស្មីអិច និងប្រព័ន្ធគ្រប់គ្រងវិទ្យុសកម្ម គួបផ្សំជាមួយការកែលម្អកម្មវិធីសិក្សាផ្នែកបច្ចេកទេសវិទ្យុសាសាស្រ្ត និងការបង្កើនសមត្ថភាពគ្រូ នឹងជួយជំរុញឲ្យ ស.វ.ស មានធនធានប្រកបដោយសមត្ថភាពជំនាញបន្ថែមក្នុងការលើកស្ទួយគុណភាពនៃការបណ្តុះបណ្តាលជំនាញផ្នែកវិទ្យុសាស្រ្ត ដើម្បីធានាឲ្យអនាគតនៃអ្នកបច្ចេកទេសវិទ្យុសាស្រ្ត កម្ពុជា អាចផ្តល់សេវាទំនើប និងប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃប្រទេសជប៉ុន ក្រុមហ៊ុន Konika Minolta និងអ្នកជំនាញការជប៉ុនទាំងអស់ ដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកា ក្នុងដំណើការធ្វើទំនើបកម្មនៃការបណ្តុះបណ្តាលផ្នែកបច្ចេកទេសវិទ្យុសាស្រ្តសម្រាប់ ស.វ.ស។

គួររំព្ញកថា កម្មវិធីសិក្សាបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្ត្រ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងទីភ្នាក់ងារអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុន(JICA)។ មកដល់បច្ចុប្បន្ន សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសស្រសុខាភិបាល បានបណ្តុះបណ្តាលនិស្សិត ចំនួន១០ជំនាន់ ដែលមានចំនួននិស្សិតសរុប ១៨៦នាក់ ក្នុងនោះមាន និស្សិតស្រីចំនួន៥៨នាក់ ។

និស្សិតដែលបានបញ្ចប់ការសិក្សារជាស្ថាពរ មានចំនួន៨ជំនាន់ មានចំនួនសរុប១៧១ នាក់។ ក្នុងចំណោមនិស្សិតបានបញ្ចប់ការសិក្សារួចហើយ មាននិស្សិត ចំនួន ១៧១នាក់ ទទួលបានការងារធ្វើនៅតាមស្ថាបន័រដ្ឋ និងឯកជន និងនិស្សិត ចំនួន១៦នាក់ បានក្លាយជាគ្រូបង្រៀនដល់និស្សិតជំនាន់ក្រោយ៕

Posted on: 12/27/2016 2:04:31 PM