និស្សិតស.វ.ស ៤រូប ទទួលឱកាសទៅសិក្សាវគ្គខ្លីនៅសាកលវិទ្យាល័យល្បីក្នុងប្រទេសជប៉ុន

រសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស បានជួបសំណេះសំណាលជាមួយនិស្សិតមហាវិទ្យាល័យទន្តវទនសាស្រ្តនៃ ស.វ.ស ចំនួន៤នាក់ ដែលបានជាប់បេក្ខភាពទៅចូលរួមវគ្គសិក្សាខ្លី "Short-term Stay 8 Days Program 2016" នៅសាកលវិទ្យាល័យ Hiroshima ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានផ្តាំផ្ញើឱ្យនិស្សិតស.វ.សទាំង៤រូប ត្រូវខិតខំយកចិត្តទុកដាក់សិក្សា និងដកស្រង់បទពិសោធន៍ល្អៗ ហើយត្រូវមានភាពក្លាហានក្នុងការលើកកំពស់កិត្តិនាមរបស់ ស.វ.ស រក្សាអោយបាននូវអត្តសញ្ញាណ វប្បធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងលើឆាកអន្តរជាតិ។
សូមជម្រាបថា និស្សិទាំង៤នាក់រួមមាននិស្សិត ង៉ែត សុគន្ធមុន្នីនាថ និស្សិត ពៅ ស្រេង និស្សិត អ៊ុយ សុថារ័ត្ន និង និស្សិត ឃុន កុលកុសល នឹងត្រូវចេញដំណើរពីប្រទេសកម្ពុជា នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ។

Posted on: 11/02/2016 3:16:39 PM