នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំនៅកម្មវិធី "ទស្សនាចរ ស.វ.ស" លើកទី២ ឆ្នាំ២០១៦

កម្មវិធីនេះ បានប្រព្រឹត្រ្តទៅក្រោមអធីបតីភាពលោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃ ស.វ.ស និង ជាតំណាងឯកឧត្តមសាកលវិទ្យាធិការ លោកសាស្រ្តាចារ្យជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក លោកនាយករង។ ជាមួយគ្នានោះ ក៏ការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ សមាគមនិស្សិតទាំង៤នៃ ស.វ.ស អនាគតនិស្សិត និង គ្រុមគ្រួសារដែលបានចុះឈ្មោះចូលរួម។
កម្មវិធីមួយព្រឹកនេះ បានផ្តល់ជូនអនាគតនិស្សិតនូវការធ្វើបទបង្ហាញ សំណួរ-ចម្លើយ ពីទិដ្ឋភាពជារួមនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត ផ្នែកសុខភាពសាធារណៈ និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។ បន្ថែមពីនោះ ក៏មានដំណើរទស្សនកិច្ចដោយបែងចែកជាក្រុមផ្សេងគ្នា ទស្សនានៅផ្នែកឆ្មប ផ្នែកគិលានុបដ្ឋាក ផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ផ្នែកបច្ចេកទេសវិទ្យុសាស្រ្ត និង ផ្នែកព្យាបាលដោយចលនា។
សូមជម្រាប ដើម្បីបន្តផ្តល់ឱកាសជូនអនាគតនិស្សិតឱ្យយល់កាន់តែច្បាស់ពីការសិក្សា និង ទំនើបកម្មនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" សាកលវិទ្យាល័យនឹងរៀបចំកម្មវិធី "ទស្សនាចរ ស.វ.ស" លើកទី៣ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦។ 
"ទស្សនាចរ ស.វ.ស" (UHS Open House) ឆ្នាំ២០១៦ គឺជាកម្មវិធីថ្មីមួយដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងដំបូងគេនៅឆ្នាំ២០១៥។ កម្មវិធីនេះ សម្រាប់ផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់បានស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យរបស់គាត់។ កម្មវិធីនេះ បានប្រារព្ធធ្វើលើកទី១ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងទី១ ស.វ.ស (ទល់មុខអគារខ្ពស់វឌ្ឍនៈ)។
ព័ត៌មានផ្សេងៗទាក់ទងនឹងកម្មវិធីនេះ នឹងមានផ្សព្វផ្សាយជូននៅលើបណ្តាញសង្គមផ្លូវការតែមួយគត់របស់សាកលវិទ្យាល័យ។

Posted on: 09/24/2016 2:05:10 AM

  • ទាញយកឯកសារទាំងមូល