សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកម្មវិធី “សាកលវិទ្យាល័យរដូវក្តៅ ២០១៦ របស់និស្សិតនិយាយភាសាបារាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ការអប់រំសុខភាព និងសហគមន៍”

នៅថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០១៦  សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​បានរៀបចំ​កម្មវិធី “សាកលវិទ្យាល័យរដូវក្តៅ​២០១៦​របស់និស្សិត​និយាយភាសាបារាំង​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​” (Université d’été des étudiants francophones de la region d’Asie Pacifique) ក្រោមប្រធានបទ “ការអប់រំសុខភាព និងសហគមន៍” (L’éducation sanitaire et la communauté) ដោយមានការសហការជាមួយ​មន្ទីរសុខាភិបាល​ខេត្តសៀមរាប, មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មណ្ឌលសុខភាព​ជ្រាវដោយកម្មវិធីនេះ​មានការសហការឧបត្ថម្ភដោយ​ Agence Universitaire de la Francophonie - Bureau d’Asie-Pacifique ។ កម្មវិធីខាងលើនេះក៏មានការចូលរួម​ពីនិស្សិត​សរុបចំនួន​២៣ នាក់​ដែលក្នុងនោះ​មាន​សមាគមនិស្សិត​ស.វ.សផ្នែក​វេជ្ជសាស្រ្ត/ផ្នែកទន្តវទនសាស្រ្ត/ផ្នែក​ឱសថសាស្រ្ត​ និងនិស្សិត​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ចំនួន​១៨ នាក់​ ក៍ដូចជានិស្សិតបរទេស​ក្នុង​វិស័យសុខាភិបាល​ចំនួន​៥ នាក់​អញ្ជើញមកពី Université Paris Descartes ប្រទេសបារាំង, Université des Sciences de la Santé du Laos ប្រទេសឡាវ និង Université de Pharmacie et de Médicine d’Ho Chi Minh Ville ប្រទេសវៀតណាម។

 

កម្មវិធីខាងលើនេះបានរៀបចំឡើង​ក្នុង​គោលបំណង​​ដើម្បី៖

            ១.ផ្សារភ្ជាប់ចំណេះដឹង ជំនាញ និងឥរិយាបទដែលទទួលបាន​ពីការសិក្សាក្នុងសាកលវិទ្យាល័យ​ទៅនឹង​ការ​ងារអប់រំសុខភាពផ្ទាល់​នៅមូលដ្ឋាន​។

            ២.ផ្លាស់ប្តូរចំណេះដឹង​ និងជំនាញ​វិស័យសុខាភិបាល​ក្នុង​ចំណោម​និស្សិត​ខ្មែរ និងនិស្សិត​បរទេស​វិស័យសុខាភិបាល​ដែល​បានចូលរួមក្នុងកម្មវិធីក្រោមការដឹកនាំរបស់​គ្រូជំនាញទាក់ទងនឹងប្រធានបទ។

            ៣.លើកកម្ពស់​ចំណេះដឹង​ភាសាបារាំង​ដែល​កំពុងប្រើប្រាស់​ក្នុងសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង។

            ៤.​ពង្រឹងស្មារតីសាមគ្គីភាព ការផ្លាស់ប្តូរ​​វប្បធម៌​ និង​ការធ្វើទំនាក់ទំនង​រវាងនិស្សិត​ និងសាកលវិទ្យាល័យ​ចូលរួម។

 

            កម្មវិធីនេះ​ប្រព្រឹត្តដោយចែកចេញជា២ ដំណាក់កាលធំៗដោយ៖

            ១.ដំណាក់កាលទី១៖ ដំណើរទស្សនកិច្ចសិក្សា​នៅ​មន្ទីរពិសោធន៍ជំនាញ​ និងបង្ហាញត្រាប់​របស់​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

            ២.​ដំណាក់កាលទី២៖ ការចុះមូលដ្ឋាន​ដើម្បីផ្សារភ្ជាប់​ចំណេះដឹង ជំនាញ និងឥរិយាបទរបស់និស្សិតស.វ.សខ្មែរ និង​បរទេស​ចូលរួម​ជាមួយ​ប្រជាជន​មូលដ្ឋាន​ជុំវិញមណ្ឌលសុខភាព​ជ្រាវ ខេត្តសៀមរាប​ដោយ​ផ្តល់​ចំណេះដឹង​ និង​ជំនាញ​មួយចំនួន​ដល់​ប្រជាជនមូលដ្ឋានទាក់ទងនឹងប្រធានបទ៖ ការបង្ការការចម្លងជំងឺ​នៅសហគមន៍​, ការយល់​ដឹងពីការប្រើប្រាស់​ឱសថសមស្រប និង​ការថែរក្សាអនាម័យមាត់ធ្មេញ។​ ប្រជាជនមូលដ្ឋាន​បានយល់ដឹងពី​ផលប្រយោជន៍ និង​របៀបរស់នៅដើម្បីទទួលបានការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត, ផលវិបាកដែលមិនបានអនុវត្តភាពប្រកបដោយ​អនាម័យក្នុងការរស់នៅ, របៀបនៃការលាងដៃឲ្យបានត្រឹមត្រូវដោយមានការចូលរួមជាសំណួរ និងចម្លើយក៍ដូចជាការបង្ហាញត្រាប់​ដោយមាន​ការចូលរួមអនុវត្តរបស់ប្រជាជនផងដែរ។ ប្រជាជនបានយល់ដឹងបន្ថែមទាក់ទងនឹងការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវតាមរយៈការផ្តល់និយមន័យ និងអត្ថប្រយោជន៍នៃឱសថ, ផលប៉ះពាល់នានាដែលបានមកពីការប្រើប្រាស់ឱសថមិនបានសមស្រប, ទីកន្លែងដែលផ្តល់ឱសថ និងការប្រើប្រាស់ឱសថឲ្យបានសមស្រប និងការផ្តល់រឿងខ្លីដែលទាក់ទងនឹងការប្រើប្រាស់ឱសថឲ្យបានសមស្រប។ ចំពោះការរក្សាសុខភាពមាត់ធ្មេញ ប្រជាជនមូលដ្ឋាន​ទទួលបាន​ចំណេះដឹងលើការរក្សាអនាម័យមាត់ធ្មេញ និងផលប្រយោជន៍នៃមាត់ធ្មេញមានសុខភាពល្អ, ចំណីអាហារ និងឥរិយាបទនានាដែលនាំមកនូវបញ្ហាដល់សុខភាពមាត់ធ្មេញ និងផ្តល់ពីរបៀបនៃការដុសធ្មេញឲ្យបានត្រឹមត្រូវដោយមានការចូលរួមអនុវត្តពីប្រជាជន។ ក្នុងដំណាក់កាលទី២នេះ ក៍មាន​សកម្មភាព​ចែករំលែក​វប្បធម៌​ ការ​ចុះទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបានបញ្ចប់ដោយ​ការប្រកួតប្រជែង​រូបថត​ដែលទាក់ទងនឹងប្រធានបទ។ 

Posted on: 09/12/2016 9:22:48 AM