ក្រុមសិល្បៈនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស​) បានចូលរួមវគ្គប្រកួតស្នាដៃសិល្បៈល្ខោននាដកម្មរបស់ខ្លួនក្រោមចំណងជើងថា "តំណក់ឈាមអ្នក ជីវិតខ្ញុំ"

ក្រុមសិល្បៈនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានចូលរួមវគ្គប្រកួតជម្រុះស្នាដៃសិល្បៈយុវជនដែលរៀបចំឡើងដើម្បីអបអរសាទរទិវាវប្បធម៌ជាតិលើកទី១៨។ វគ្គប្រកួតនេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។

ជាលទ្ធផល ក្រុមសិល្បៈនិស្សិតស.វ.សបានប្រកួតជាប់ក្នុងវគ្គនេះប្រកបដោយការកោតសរសើរទាំងការសម្តែង និងអត្ថន័យពីគណៈកម្មការវាយតម្លៃជាមួយល្ខោននាដកម្មរបស់ខ្លួនក្រោមចំណងជើងថា "តំណក់ឈាមអ្នក ជីវិតខ្ញុំ" ក្រោមការបង្វឹករបស់អ្នកគ្រូរបស់ក្រសួងវប្បធម៌ផ្ទាល់ក្នុងចំណោមក្រុមសិល្បៈចំនួន៣៦ ក្រុមផ្សេង។

ការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ និងការប្រគល់រង្វាន់នឹងប្រព្រឹត្តទៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឹកនាំស.វ.ស សូមថ្លែងអំណរគុណដល់អ្នកគ្រូបង្វឹកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាគមនិស្សិត និងក្រុមសិល្បៈនិស្សិតស.វ.សដែលបានខិតខំចំណាយទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញាដើម្បីទទួលបាននូវជោគជ័យជាទីមោទនភាពនេះ។

Posted on: 02/11/2016 10:02:03 AM