នៅទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦ មានរៀបចំនូវសិក្ខាសាលាតម្រង់ទិសដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់ឆ្នាំសិក្សា២០១៥-២០១៦។

សិក្ខាសាលានេះបាន ប្រព្រឹត្រ្តទៅក្រោមអធិបតីភាព និង កិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមជាមួយនឹងការចូលរួមរបស់លោកសាស្ត្រាចារ្យជាព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវីទ្យាល័យឱសថសាស្ត្រ មហាវិទ្យាល័យទន្តវទនសាស្ត្រ នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ ប្រធានលេខាធិការដ្ឋាន ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ប្រធានផ្នែកកិច្ចការនិស្សិត។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានថ្មីដែលបានចូលរួមជាសមាជិកមហាគ្រួសារស.វ.ស បានយល់ច្បាស់អំពីបទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិតស.វ.ស ក៏ដូចជាដើម្បីផ្តល់ព័ត៌មានសំខាន់ៗដល់និស្សិតទាក់ទងនឹងរបៀបរបបសិក្សានៅស.វ.ស និងព័ត៌មានស្តីពីសេវានានាដែលនិស្សិតនឹងត្រូវការប្រើប្រាស់ចាំបាច់ក្នុងកំឡុងពេលនៃជីវិតសិក្សានៅស.វ.ស សំដៅធ្វើយ៉ាងណាឱ្យនិស្សិតអាចដឹងនិងយល់ច្បាស់ពីដំបូង ហើយអាចមានលំនឹងចិត្ត និងត្រៀមខ្លួនឱ្យបានល្អក្នុងការសិក្សាយកជំនាញផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៅសវស។
សូមជម្រាបជូនថា និស្សិតថ្នាក់បរិញ្ញាបត្រដែលទើបប្រឡងជាប់ថ្នាក់ជាតិក្នុងឆ្នាំសិក្សា ២០១៥-២០១៦ ហើយដែលបានជ្រើសយកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាជម្រើសទី១ មានចំនួន៥៨៤នាក់ ក្នុងនោះមានជំនាញវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តវទនសាស្ត្រ គិលានុបដ្ឋាក ឆ្មប និងសុខភាពសាធារណៈ។

Posted on: 01/29/2016 9:33:26 AM