“មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់” និង “បន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ” ដ៏ទំនើបដំបូងគេនៅកម្ពុជា ត្រូវបានដាក់សម្ពោធ

“មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់” និង “បន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ”
ដ៏ទំនើបដំបូងគេនៅកម្ពុជា ត្រូវបានដាក់សម្ពោធ​​​នារសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៦ នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់” និង “បន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ” ក្រោមអធិបតីភាពដ៏ខ្ព​​​ង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម ហ្សង់-ក្លូដ ពាំបឺហ្វឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល បានលើកឡើងថា​ ស្របតាមផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឆ្នាំ ២០១៤-២០១៨ សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងដើម្បីឈានទៅរកឧត្តមភាពលើការបណ្តុះបណ្តាល ការស្រាវជ្រាវ និង ការផ្តល់សេវាផ្នែកសុខាភិបាល។ សមិទ្ធិផលដែលដាក់សម្ពោធនៅថ្ងៃនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលនិស្សិតឱ្យទទួលបាននូវការអនុវត្តជាក់ស្តែង និង ធ្វើឱ្យនិស្សិត កាន់តែស្ទាត់ជំនាញ ក្នុងការអនុវត្តគ្លីនិក ដែលជាទុនដ៏មានសារៈសំខាន់បំផុត មុននឹងចេញទៅធ្វើកម្មសិក្សា នៅតាមមន្ទីរពេទ្យ។ សមិទ្ធិផលទាំងនេះ គឺជាក្តីសុបិន្តកាលពី៣ឆ្នាំមុន របស់សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ក៏ប៉ុន្តែវាបានក្លាយជាការពិតនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានថ្លែងថា ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលបានមកចូលរួមពិធិដាក់សម្ពោធឱ្យប្រើប្រាស់មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់ ព្រមទាំងបន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកអគ្គរដ្ឋទូតបារាំងបានបន្តថា​ នេះគឺជាមជ្ឈមណ្ឌលស្នូលនៃការបណ្តុះបណ្តាល និង ស្រាវជ្រាវផ្នែកសុខាភិបាលនៅកម្ពុជា ហើយដែលប្រទេសបារាំងមានក្តីរីករាយក្នុងការជួយជ្រោមជ្រែង និង អភិវឌ្ឍន៏អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅក្នុងឱកាសដាក់ឱ្យសម្ពោធនេះ ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង សម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង បុគ្កលិក នៃសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាល ដែលបានខិតខំធ្វើកំណែទម្រង់ លើការបណ្តុះបណ្តាល និង លើការវាយតម្លៃនិស្សិត តាមរយៈការរៀបមន្ទីរពិសោធន៏បង្ហាញត្រាប់វេជ្ជសាស្រ្ត និង បន្ទប់ប្រឡងតាមប្រព័ន្ធកុំព្យូទ័រនេះឡើង។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​បន្តថា យុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់គោលដៅអភិវឌ្ឍន៏ប្រកបដោយចេរភាពក្នុងរយៈពេលវែងដោយផ្តោត អាទិភាពកាន់តែខ្លាំងលើការអភិវឌ្ឍន៏ធនធានមនុស្ស ព្រមទាំងបន្តពង្រឹងសមត្ថភាព និង អភិបាលកិច្ច នៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈសំដៅ បម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សូមជម្រាបជូនថា​ “មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់” និង “បន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ” ត្រូវបានកសាងឡើងក្រោមជំនួយឧបត្តម្ភពីស្ថានទូតបារាំងប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ពីមូលនិធិ និង មូលនិធិ China Medical Board

            បន្ទប់“មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់”ទី១ ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារ M ដែលមានផ្ទៃក្រឡា ៤៥៥ ម៉ែត្រការ៉េ ដោយបែងចែកជា ៥បន្ទប់រួមមាន៖ បន្ទប់ Operation Theatre, បន្ទប់ Post Operation Room, បន្ទប់ Briefing and Debriefing Room, បន្ទប់ Basic Skill និង ឃ្លាំង, និង បន្ទប់ការិយាល័យ។ នៅបន្ទប់មន្ទីរពិសោធន៏ត្រាប់ទី១ នេះ មានបំពាក់នូវបរិក្ខារទំនើបៗចំនួន ២៨ប្រភេទផ្សេងគ្នា សម្រាប់បម្រើឱ្យ ការអនុវត្តត្រាប់ដូចជា៖ Surgery,​ Anesthesia and resuscitation, Clinical skills, Basic procedure, Medical imagine និង Ophthalmology

            បន្ទប់“មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់”ទី២ ស្ថិតនៅជាន់ទី៥ នៃអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគារទី២ ដែលមានផ្ទៃក្រឡា ៣៣២ម៉ែត្រការ៉េ ដោយបែងចែកជា ៤បន្ទប់រួមមាន៖ បន្ទប់ Briefing and debriefing, បន្ទប់ Physical examination, បន្ទប់Basic procedure, ការិយាល័យ​ និង ឃ្លាំង។នៅបន្ទប់មន្ទីរពិសោធន៏ត្រាប់ទី២ នេះ មានបំពាក់នូវបរិក្ខារទំនើបៗចំនួន ២២ប្រភេទសម្រាប់បម្រើ ឱ្យការអនុវត្តត្រាប់។

            នេះគឺជា“មន្ទីរពិសោធន៏ជំនាញគ្លីនិក និង បង្ហាញត្រាប់” ដ៏ទំនើបដំបូងគេ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពង្រឹងចំណេះដឹង អនុវត្តជាក់ស្តែងរបស់ខ្លួនមុននឹងទៅអនុវត្តផ្ទាល់នៅមន្ទីរពេទ្យ និង កន្លែងកម្មសិក្សាផ្សេងទៀត។

            ដោយឡែកបន្ទប់ប្រឡងតាមប្រព័ន្ឋកុំព្យូទ័រ មានទីតាំងនៅនៅជាន់ទី ៦ នៃអគារសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អគារទី២។ បន្ទប់នេះមានឈ្មោះថា បន្ទប់ Françoise-Barre Sinoussi ដែលមានផ្ទៃក្រឡា ២,៣២៥ម៉ែត្រការ៉េ។ បន្ទប់នេះ ត្រូវបានបំពាក់ដោយកុំព្យូទ័រចំនួន ១១៤គ្រឿង កាម៉េរាសុវត្ថិភាពចំនួន១០គ្រឿង ផ្ទៃ Screen ទំហំ ៦០អ៊ីញ និង ប្រព័ន្ឋ Server ប្រព័ន្ឋត្រួតពិនិត្យកណ្តាល សម្រាប់វាយតម្លៃចំណេះដឹងនិស្សិតប្រកបដោយតម្លាភាព និង គុណភាព បន្ថែមទៅលើការវាយតម្លៃគ្លីនិក ឥរិយាបទ​ និង សីលធម៍។ 

Posted on: 01/28/2016 3:50:18 PM